ការរកឃើញ “ការបង្កកំណើតរបស់ផ្កាថ្មជាលើកដំបូងនៅកម្ពុជា” បង្ហាញពីកិច្ចខិតខំប្រឹងប្រែងអភិរក្សកាន់តែទូលំទូលាយនៅក្នុងតំបន់

0

ភ្នំពេញ៖ ការបង្កកំណើតរបស់ផ្កាថ្មត្រូវបានរកឃើញជាលើកដំបូងនៅសមុទ្រកម្ពុជា ដែលទាំង នេះគឺបានបញ្ជាក់ថា ផ្កាថ្មនៅកម្ពុជានៅតែមានសុខភាពល្អ។ ការរកឃើញដ៏អស្ចារ្យនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងអភិរក្សកាន់តែទូលំទូលាយនៅក្នុងតំបន់នេះ។

ក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា ការបង្កកំណើតរបស់ផ្កាថ្មឬការបន្តពូជផ្កាថ្មជាធម្មតា កើតឡើងម្តង ក្នុងមួយឆ្នាំនៅពេលដែលផ្កាថ្មបញ្ចេញពង និងមេជីវិតឈ្មោលក្នុង ពេលតែ មួយ។ រយៈពេលនៃការបញ្ចេញពងចាប់ពី ២ ទៅ ៣នាទី រហូតដល់ទៅជាង១ម៉ោង អាស្រ័យលើប្រភេទផ្កាថ្ម។

 

គួរបញ្ជាក់ថា នាថ្មីៗមកនេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដ៏រីករាយមួយ ក្រោយរកឃើញ ការបង្កកំណើតរបស់ផ្កាថ្ម ជាលើកដំបូងនៅសមុទ្រកម្ពុជា ខណៈផ្កាថ្មនៅតែមានសុខភាពល្អ។

ការរកឃើញការបង្កកំណើតផ្កាថ្មនេះ នៅសប្តាហ៍ដំបូងនៃខែមីនា ឆ្នាំ២០២៤ ក្រោមកិច្ចសហការរវាងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា ព្រមទាំងដៃគូផ្សេងទៀត។

គួរបញ្ជាក់ថា អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជាសហការជាមួយរដ្ឋបាលជលផល និងក្រសួងបរិស្ថាន និងដៃគូរក្នុងស្រុក រួមមានមូលនិធិសង្សារ Bubbles Up Dive Centre បានរកឃើញនៅការបង្កកំណើតផ្កាថ្មនេះនៅសប្តាហ៍ដំបូងនៃខែមីនា ក្រោមការណែនាំរបស់ លោក Dr Rahul Mehrotra and Aow Thai Marine Ecology Center។

ក្រុមអ្នកសា្រវជ្រាវបានឱ្យដឹងថា៖ ការយល់ដឹងអំពីពេលវេលាបង្កកំណើតរបស់ផ្កាថ្មនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងផ្កាថ្ម ព្រោះវាអាចអនុញ្ញាតឱ្យអ្នកអភិរក្ស ប្រើប្រាស់បច្ចេកទេសស្តារឡើងវិញ និងវាយតម្លៃសុខភាពសហគមន៍ផ្កាថ្មរឹងប្រកប ដោយប្រសិទ្ធភាពខ្ពស់។ ការបន្តពូជរបស់ផ្កាថ្មដ៏ធំគួរឱ្យកត់សម្គាល់ គឺជាសញ្ញាសំខាន់ មួយនៃសុខភាពរបស់ថ្មប៉ប្រះទឹកហើយព្រឹត្តិការណ៍នេះបង្ហាញថា ផ្កាថ្មនៅកម្ពុជាមិនបាន រងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែកត្តាគំរាមកំហែងធំៗ មានដូចជា ការប្រែប្រួលអាកាស ធាតុ ដែលអាចធ្វើឱ្យពួកវាមិនអាចបន្តពូជបាន។

ផ្កាថ្មប៉ប្រះទឹកនៅជិតឆ្នេរសមុទ្រកម្ពុជា ត្រូវបានកំណត់លក្ខណៈដោយដីល្បាប់ខ្ពស់ ហើយមានការប្រែប្រួលយ៉ាងខ្លាំងនៃសីតុណ្ហភាពរវាងរដូវវស្សា និងរដូវប្រាំង។ ហេតុដូច្នេះ ផ្កាថ្មប៉ប្រះទឹករបស់កម្ពុជាអាចដើរតួជាជម្រកដ៏សំខាន់សម្រាប់ប្រភេទផ្កាថ្មគំរូសែន ដែលធន់ នឹងកម្ដៅដែលអាចសាបព្រោះពូជផ្កាថ្មប៉ប្រះទឹក នៅកន្លែងផ្សេងទៀតក្នុងឈូងសមុទ្រថៃ។

លោក Matt Glue អ្នកជំនាញផ្នែកសមុទ្រនៃអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជាបាន លើកឡើងថា “វាពិតជាការរកឃើញដ៏អស្ចារ្យ។ វាដូចជាការផ្ទុះនៃជីវិតនៅពេលដែលថ្ម ប៉ប្រះទឹកបានបញ្ចេញពងរាប់ពាន់ចេញមក។ ផ្កាថ្មប៉ប្រះទឹកជាជម្រកដ៏សំខាន់ សម្រាប់ជីវិត សត្វសមុទ្ររាប់ពាន់ប្រភេទ និងផ្តល់ប្រយោជន៍តាមរយ:ទេសចរ និងដល់សហគមន៍នេសាទ នៃឆ្នេរសមុទ្រក្នុងប្រទេសកម្ពុជាផងដែរ។

លោក Anne Groeneveld, មកពី Bubbles Up DiveCentre បង្ហាញចំណាប់អារម្មណ៍ ថា“ វាដូចជាការមុជទឹកក្នុងភាពយន្តឯកសារ Blue Planet។ នេះជាការរកឃើញដ៏កម្រ និងអស្ចារ្យណាស់។

ទាក់ទិនក្នុងរឿងនេះលោក ស៊ន ស្រិញ ជំទប់ទី១ឃុំកោះស្តេចបានលើកឡើងថា ការបង្កកំណើតរបស់ផ្កាថ្មគឺពិតជាអស្ចារ្យណាស់ ហើយវានៅតែដិតនៅក្នុងអារម្មណ៍របស់ខ្ញុំ។ ការបង្កកំណើតរបស់ផ្កាថ្មនេះជាសញ្ញាដ៏វិជ្ជមាននៃលក្ខខណ្ឌ បរិស្ថាន អំណោយផល ដល់ការរស់រានមានជីវិត និងការលូតលាស់របស់ផ្កាថ្ម “៕

ប្រភព៖ AKP