លោក Alonso កៀកនឹងដល់ផ្លូវបំបែកមួយ ខណៈគាត់កំពុងគិតអំពីក្លឹបបន្ទាប់របស់គាត់ ក្រោយបានដឹកនាំក្លឹប Bayer Leverkusen បានយ៉ាងល្អនៅក្នុងរដូវកាលនេះ។ ទោះបីជាយ៉ាងណាក៏ដោយ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Bayern Munich បានត្រៀមខ្លួនរួចរាល់ក្នុងការធានាអោយបាននូវការនាំយក Alonso មកធ្វើជាអ្នកចាត់ការបន្ទាប់របស់ក្លឹប បន្ទាប់ពួកគេនឹងចែកផ្លូវជាមួយនឹងលោក Thomas Tuchel នាចុងរដូវកាលនេះ។
ប្រធានកិត្តិយសរបស់ក្លឹប Bayern លោក Uli Hoeness បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ក្លឹបចំពោះលោក Alonso មែន ប៉ុន្តែពួកគេត្រូវធ្វើការប្រកួតប្រជែងដ៏ស្វិតស្វាញជាមួយក្លឹប Liverpool និងក្លឹប Real Madrid ដែលចង់បាន Alonso ដូចគ្នា។
នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានកីឡានៅ Sky Germany ថា៖ «ដូចដែលបានបញ្ជាក់ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ក្លឹប Bayern Munich មានទំនុកចិត្តក្នុងការចុះហត្ថលេខាយក Alonso។ ពួកគេកំពុងជម្រុញមានការផ្ទេរយកគាត់ ប៉ុន្តែមិនទាន់មានការចរចាណាមួយកើតឡើងនោះទេ។ ការពិភាក្សាបានធ្វើឡើង។ វាពិបាកក្នុងការទទួលបានគាត់ ប៉ុន្តែក្លឹប Bayern មានសុទិដ្ឋិនិយម។ លោក Uli Hoeness ដែលជាប្រធានកិត្តិយសរបស់ក្លឹបបានបញ្ជាក់ថា Xabi Alonso គឺជាគ្រូបង្វឹកដែលក្លឹប Bayern កំពុងកំណត់គោលដៅ ។ ប្រាកដណាស់ ក្លឹបដូចជា Liverpool និង Real Madrid ចង់ចុះហត្ថលេខាយកគាត់ ប៉ុន្តែប្រសិនបើគាត់ ចាកចេញពីក្លឹប Leverkusen នៅរដូវក្តៅ គាត់នឹងចូលរួមជាមួយក្លឹប Bayern Munich មិនមែនជា Liverpool នោះទេ»។
នាយកផ្នែកកីឡារបស់ក្លឹប Liverpool លោក Michael Edwards ត្រូវបានគេរាយការណ៍ថាបានចូលរួមយ៉ាងសកម្មក្នុងការចរចារដើម្បីអាចនាំយកលោក Alonso មកកាន់ Anfield នារដូវកាលក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយក៏ក្លឹបនៅ Premier League មួយនេះបានសម្លឹងរកមើលជម្រើសផ្សេងទៀតផងដែរ ដោយក្នុងនោះរួមមានលោក Roberto De Zerbi, Franck Haise, Ruben Amorim និង Julian Nagelsmann ប្រសិនជាមិនអាចនាំ Alonso មកបាន។
បើមើលក្នុងទិដ្ឋភាពរបស់អ្នកចាត់ការទូទៅ ការជ្រើសរើសរបស់ Alonso ច្បាស់ជានឹងកំណត់ទិសដៅអនាគតរបស់ក្លឹប Bayern និង Liverpool។ សម្រាប់ពេលនេះ គាត់នៅតែផ្តោតទៅលើ Leverkusen ព្រោះថាក្រុមអាល្លឺម៉ង់អាចមានឱកាក្នុងការឈ្នះពានរង្វាន់ ៣ក្នុងមួយរដូវកាល៕