ក្លឹប PSG មិនបានពិចារណាក្នុងការនាំយកកីឡាករ Luis Diaz សម្រាប់មកជំនួសកន្លែងរបស់កីឡាករ Kylian Mbappe នោះទេ។ យោងតាមព័ត៌មានមួយដែលបានចេញផ្សាយនៅក្នុងសប្តាហ៍នេះ បានអោយដឹងថាក្លឹបម្ចាស់ជើងឯកបារាំង បានធ្វើការទំនាក់ទំនងទៅកាន់ភ្នាក់ងាររបស់កីឡាករ Diaz អំពីឱកាសដែលគាត់អាចផ្ទេរមកកាន់ក្លឹបនៅទីក្រុងប៉ារីស។ ខណៈក្លឹប PSG រំពឹងថានឹងត្រូវបាត់បង់កីឡាករ Mbappe ដែលនឹងផ្ទេរទៅកាន់ក្លឹប Real Madrid នៅរដូវក្តៅខាងមុខ។
ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈសារព័ត៌មាន Sky Sports បានបញ្ជាក់ថាទាំងប្រធានផ្នែកកីឡារបស់ក្លឹប PSG លោក Luis Campos និងគ្រូបង្វឹក Luis Enrique មិនបានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Diaz នោះទេ។ ពួកគេមិនចាប់ទុកថាកីឡាកររូបនេះ ជាជម្រើសដែលពួកគេចង់បាននោះទេ។
គួរបញ្ជាក់ថាកីឡាករ Diaz នឹងត្រូវជួយក្លឹប Liverpool ក្នុងការប្រកួតនៅ Premier League ជាមួយនឹងក្លឹប Brighton នាថ្ងៃទី៣១ ខែមីនា ខាងមុខ៕