បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាកីឡាករ Romelu Lukaku របស់ក្លឹប Chelsea អានឹងធ្វើការផ្ទេរជាអចិន្ត្រៃយ៍ទៅកាន់ក្លឹប Roma នាទីផ្សារដោះដូររដូវក្តៅខាងមុខ។
កីឡាករ Lukaku ដែលមានវ័យ ៣០ឆ្នាំ បានមកដល់ក្លឹប Chelsea ពីក្លឹប Inter Milan ក្នុងតម្លៃ ១១៥លានអឺរ៉ូ កាលពីឆ្នាំ២០២១ ប៉ុន្តែត្រូវបានដាក់អោយខ្ចីជើង ក្រោយចំណាយពេលជាមួយតោខៀវទើបតែបាន ១រដូវកាលប៉ុណ្ណោះ។ កំឡុងពេលលេងខ្ចីជើងនៅក្លឹប Roma គាត់បានបង្ហាញអំពីឥទ្ធិពលរបស់គាត់ដោយស៊ុតបញ្ចូលទីបាន ១៨គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៥ប្រកួតនារដូវកាលនេះ។
ស្របពេលដែលកុងត្រារបស់គាត់ជាមួយនឹងក្លឹប Chelsea នឹងផុតនៅឆ្នាំ២០២៦ កីឡាករ Lukaku ហាក់គ្មានអនាគតនៅ Stamford Bridge នោះ ហើយខាងក្លឹបក៏បើកចំហអោយគាត់ចាកចេញផងដែរ។ ក្លឹប Roma បានរាយការណ៍អំពីជម្រើសក្នុងការទិញផ្តាច់ក្នុងតម្លៃ ៤៤លានអឺរ៉ូសម្រាប់កីឡាករ Lukaku ប៉ុន្តែពួកគេអាចនឹងចចារជាមួយក្លឹបដើម្បីបញ្ចុះថ្ងៃមកត្រឹមតែ ៣៥លានអឺរ៉ូ។ បន្ថែមពីនេះ ប្រាក់ឈ្នួលរបស់ Lukaku អាចក្លាយជាបញ្ហាប្រកួតប្រជែងមួយសម្រាប់ក្លឹបនៅអ៊ីតាលីមួយនេះ។
ក្លឹប Roma អាចមានឪកាសក្នុងការលេងនៅ Champions League រដូវកាលក្រោយ ដោយសារតែក្រុមកំពុងឈរនៅលំដាប់ទី៥ ដោយតាមពីក្រោយក្រុមទី៤ តែ ៤ពិន្ទុបុណ្ណោះ៕