បរទេស៖ អនុប្រធានក្លឹប Fulham លោក Tony Khan បានបង្ហើបថាក្លឹបបើកចំហសម្រាប់សំណើរផ្ទេរយកកីឡាករ Joao Palhinha ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។
ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះបានក្លាយជាប្រធានបទនៃការដោះដូរស្ទើរតែពេញមួយរដូវកាលនេះ ជាពិសេសបន្ទាប់ពីការផ្លាស់ទៅកាន់ Bayern Munich ត្រូវបានបរាជ័យនៅថ្ងៃចុងក្រោយនៃការដោះដូរកីឡាករ។
លោក Khan បានប្រាប់ទៅកាន់ talkSPORT ថា៖ “គាត់គឺជាផ្នែកមួយដ៏សំខាន់របស់ក្លឹប ហើយយើងចង់អោយគាត់ស្ថិតនៅជាផ្នែកមួយរបស់ក្លឹបក្នុងរយៈពេលយូរតាមតែអាចធ្វើទៅបាន។ ពួកយើងមានការសប្បាយរីករាយក្នុងការបន្តកុងត្រាថ្មីអោយគាត់”។
អនុប្រធានក្លឹប Fulham បានបន្ថែមទៀតថា៖ “ប្រសិនជាមានសំណើរមួយបានកើតឡើង ហើយវាសមហេតុផលសម្រាប់អ្នករាល់គ្នា ខ្ញុំគិតថានោះជាអ្វីដែលអ្នកត្រូវពិចារណាជាមួយកីឡាករគ្រប់រូបនៅពេលដ៏ត្រឹមត្រូវ។ យើងចង់រក្សាទុកគាត់ ហើយយើងក៏បានរក្សាទុកគាត់ហើយ។ គាត់បានស្នាក់នៅជាមួយពួកយើង ហើយក៏ក្លឹបជាច្រើនចង់បានគាត់។ វាមានទីផ្សារធំណាស់សម្រាប់ Joao Palhinha នៅពេលនេះ សូមរង់ចាំមើលទាំងអស់គ្នា”៕