បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាខ្សែការពារស្តាំអាចនឹងទៅចូលរួមជាមួយនឹងក្លឹបនៅអាឡឺម៉ង់ក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីកីឡាករសញ្ជាតិហូឡង់រូបនេះបានបាត់បង់នៅកន្លែងក្រោមការដឹកនាំរបស់ Mauricio Pochettino ហើយនៅពេលនេះ គឺមិនត្រូវបានជ្រើសរើសទៀត។ ខណៈពេលដែលការផ្ទេរនៅមិនទាន់បានជោគជ័យមកដល់ពេលនេះ ប៉ុន្តែប្រភពព័ត៌មានដដែរជឿជាក់ថាកីឡាករ Maatsen នឹងអាចផ្ទេរចេញនៅក្នុងទីផ្សារដោះដូរនាខែមករានេះ។

ក្លឹប Dortmund កំពុងស្ថិតនៅលំដាប់ទី ៥ ក្នុងតារាង Bundesliga ហើយបានបង្ហាញភាពខ្លាំងរបស់ខ្លួននៅក្នុងពានរង្វាន់ Champions League ដែលស្ថិតនៅក្នុងពូលមរណៈជាមួយនឹង Newcastle, PSG និង AC Milan ដោយខ្លួនបានឈរនៅលើកំពូលតារាង។ ពួកគេបានសម្លឹងរកមើលការចុះហត្ថលេខាថ្មីសម្រាប់រដូវរងានេះ ដើម្បីអាចពង្រឹងនៅក្រុមរបស់ខ្លួនសម្រាប់ពាក់កណ្តាលរដូវកាលក្រោយ។

ខាងក្លឹប Chelsea កំពុងស្វែងរកនៅចន្លោះចំពោះការរឹតបន្តឹង FFP ខណៈដែលពួកគេមានរដូវកាលដ៏អាក្រក់មួយមកដល់ពេលនេះ និងកំពុងស្ថិតនៅលេខរៀងទី១០ នៃតារាង Premier League។ ខាងក្លឹប Chelsea ក៏សម្លឹងរកមើលការចុះហត្ថលេខាយកខ្សែប្រយុទ្ធថ្មីនៅរដូវរងានេះ ដោយបានបញ្ជាក់ឈ្មោះកីឡាករ Ivan Toney និង Victor Osimhen។

កិច្ចព្រមព្រៀងនេះអាចត្រូវបានសម្រេចក្នុងពេលឆាប់ៗនេះ ដោយកីឡាករសញ្ជាតិហូឡង់រូបនេះទំនងជាមិនចូលលេងក្នុងជំនួបរបស់ក្រុមតោខៀវជាមួយក្រុម Middlesbrough របស់ Michael Carrick ក្នុងជើងទីមួយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup នៅថ្ងៃអង្គារទី៩ ខែមករា៕