បរទេស៖ ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំកំពុងតែសប្បាយរីករាយក្នុងទឹកអេស្ប៉ាញ ជាមួយនឹងការលេងខ្ចីជើងនៅក្លឹប Getafe។ គាត់បានធ្វើអោយមានការចាប់អារម្មណ៍ ក្រោយគាត់បានវិលត្រលប់មកក្នុងអាជីពបាល់ទាត់វិញ ចាប់តាំងពីខកខានពីខែមករា ឆ្នាំ២០២២មក។ Greenwood ត្រូវបានទម្លាក់បទចោទពាក់ព័ន្ធនឹងការប៉ុនប៉ងរំលោភ ការរំលោភបំពាន និងការបង្ខិតបង្ខំ កាលពីខែកុម្ភៈ ឆ្នាំ ២០២៣។
គាត់បានស៊ុតបញ្ចូលទី ៥គ្រាប់ និង Assist ចំនួន ៤ដងសម្រាប់ក្រុម Getafe នៅក្នុងរដូវកាលនេះ ដែលបានធ្វើអោយក្លឹបធំៗនៅ La Liga ចាប់អារម្មណ៍គាត់។ ដោយមើលទៅគាត់មិនអាចនឹងវិលត្រលប់ទៅកាន់ទឹកដី Old Trafford វិញ បើទោះបីជាកុងត្រារបស់គាត់មានរហូតដល់ឆ្នាំ២០២៥ ការផ្ទេរជាអចិន្ត្រៃយ៍របស់គាត់អាចនឹងកើតឡើងនៅចុងរដូវកាល ២០២៤នេះ។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca បានអោយដឹងថាក្លឹប Atletico Madrid បានចាប់ផ្តើមសាកសួរទៅកាន់ក្លឹប United ថាតើត្រូវការអ្វីខ្លះ ដើម្បីអោយការផ្ទេរ Greenwood បានសម្រេច? ក្លឹប Barcelona, Valencia និង Real Sociedad ក៏មានព័ត៌មានលេចលឺជាមួយនឹងកីឡាករសញ្ជាតិអង់គ្លេសនេះផងដែរ៕