កីឡាករ Endrick បានសារភាពថាគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការផ្តល់ជូនដោយ Real Madrid បន្ទាប់ពីចំណាយពេលពីរសប្តាហ៍ជាមួយក្លឹបនាពេលអនាគតរបស់គាត់។
ខ្សែប្រយុទ្ធវ័យជំទង់ អាចបញ្ចប់ការផ្ទេរជាផ្លូវការជាមួយតម្លៃ ៦០ លានផោនទៅ Real Madrid នៅពេលដែលគាត់មានអាយុ ១៨ ឆ្នាំនៅរដូវក្ដៅក្រោយ ប៉ុន្តែជាមួយនឹងរដូវកាលប្រេស៊ីលចប់ Endrick បានហោះទៅអេស្ប៉ាញ ដើម្បីភ្លក់រសជាតិជីវិតជាមួយ Los Blancos ហើយបានចូលរួមទស្សនាជ័យជំនះលើ Villarreal ក្នុងលទ្ធផល ៤-១។
គាត់បានប្រាប់ AS ថា៖ «ខ្ញុំមានការចាប់អារម្មណ៍ចំពោះអ្វីគ្រប់យ៉ាងដែលនៅជុំវិញក្រុម។ ខ្ញុំងប់ងល់នឹងអ្វីៗគ្រប់យ៉ាងណៅទីនេះ កីឡដ្ឋាន សម្ភារៈបរិក្ខារ និងមិត្តរួមក្រុម»។
Endrick ក៏បានសាទរចំពោះមិត្តរួមជាតិប្រេស៊ីល Rodrygo Goes និង Vinicius Junior ដែលបានផ្តល់ដំបូន្មានជាច្រើនមុនការផ្លាស់ប្តូរជាអចិន្ត្រៃយ៍របស់គាត់ទៅកាន់ Madrid៕