កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាចំនួន ៣៤៦នាក់ បានធ្វើដំណើរមាតុភូមិនិវត្តន៍មកដល់កម្ពុជា

0

ភ្នំពេញ៖ កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ចំនួន៣៤៦នាក់ បានធ្វើដំណើរមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ នៅព្រលប់ថ្ងៃចន្ទ ៦កើត​ ខែកក្កិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោយបញ្ចប់បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋម៉ាលី និងប្រទេស៊ូដង់ខាងត្បូង ដោយជោគជ័យ ។

កងកម្លាំងមួកខៀវដែលបានបញ្ចប់បេសកកម្មរបស់ខ្លួន នៅសាធារណរដ្ឋម៉ាលី និងប្រទេសស៊ូដង់ខាងត្បូងនេះ មាន៣កង រួមមាន៖ កងកម្ទេចគ្រឿងផ្ទុះចំនួន ១៤៤នាក់, កងវិស្វកម្ម ព្រលានយន្តហោះ ចំនួន ១២៩នាក់, និងកងរាជអាវុធហត្ថ ចំនួន ៧៣នាក់ ។

ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងកម្ពុជា ដែលអញ្ជើញមកមាតុភូមិកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកJoseph Scheuer អ្នក សម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ បានអញ្ជើញទទួលស្វាគមន៍ការធ្វើមាតុភូមិនិវត្តន៍ និងបំពាក់មេដាយជូនកងកម្លាំងមួកខៀវកម្ពុជាផងដែរ ។

 

យោងតាមរបាយការណ៍ស្វាគមន៍របស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងថា បេសកកម្មនៅសាធារណរដ្ឋម៉ាលី កម្លាំងកម្ពុជាបានប្រឈមនឹងបញ្ហាស្មុគស្មាញ ជាលក្ខណៈប្រពៃណីផង និងមិនប្រពៃណីផង បង្កឡើងដោយតួអង្គរដ្ឋ និងមិនមែនរដ្ឋ ។ ក៏ប៉ុន្តែកងកម្លាំងមួកខៀវកម្ពុជាតែងតែស្វា ហាប់ មិនរាថយក្នុងការបំពេញតួនាទីភារកិច្ចឡើយ និងសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរជូនជាតិ មាតុភូមិ ។

​ក្នុងពិធីនេះ លោក Joseph Scheuer បានបង្ហាញការស្ញប់ស្ញែង ចំពោះការលះបង់របស់កងកម្លាំងមួកខៀវកម្ពុជា ក្នុងការកសាងសន្តិភាព សន្តិសុខ និងមិត្តភាព ។

មន្ត្រី UN រូបនេះ បានបញ្ជាក់ថា «វត្តមានរបស់លោកនាពេលនេះ មិនត្រឹមតែស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់កងកម្លាំងនោះទេ ប៉ុន្តែក៏បានបញ្ជាក់ពីការស្វាគមន៍កម្លាំងទាំងអស់ ជាគ្រួសាររបស់អង្គការសហប្រជាជាតិ » ។ លោកបានបន្ថែមថា កងកម្លាំងទាំងអស់ បានពាក់មួកខៀវដ៏ល្បីល្បាញ បំពាក់និមិត្តសញ្ញាអង្គការសហប្រជាជាតិនៅលើឯកសណ្ឋាន និងចូលរួមអនុវត្តន៍ភារកិច្ច ក្រោមទង់អង្គការសហប្រជាជាតិ ។

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា ការនិវត្តន៍របស់កម្លាំងរក្សាសន្តិភាពនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយថែមទៀត ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលកងយោធពលខេមរភូមិន្ទ សម្រេចបានលើវិស័យរក្សាសន្តិភាព ។ សមិទ្ធផលនេះ បានបង្ហាញពីឆន្ទៈ ការគោរពវិន័យម៉ឺងម៉ាត់ សមត្ថភាពប្រកបដោយវិជ្ជាជីវៈ របស់កងទ័ពមួកខៀវកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជាសក្តានុពលដ៏ខ្លាំងក្លារបស់កងយោធពលខេមរភូមិន្ទ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើឡើងថា ការធ្វើដំណើរមាតុភូមិនិវត្តន៍របស់កងកម្លាំងទាំង៣កងកម្ពុជា ដែលបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី និងស៊ូដង់ខាងត្បូង នាពេលនេះជាជោគជ័យ និងស្នាដៃដ៏ត្រចះត្រចង់ថ្មីមួយបន្ថែមទៀត ដែលកម្លាំងមួកខៀវកម្ពុជាសម្រេចបានក្នុងការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌នៅលើពិភពលោក ។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ដែលបានលះបង់កូនចៅ ប្តីសី និងសាច់ញាតិជាទីស្រឡាញ់របស់ខ្លួន រួមចំណែកដោយស្ម័គ្រចិត្ត ក្នុងបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌ដ៏ថ្លៃថ្លានេះ និងសូមពាំនាំការសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានដែលបានបញ្ចប់បេសក កម្ម និងកំពុងបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។

បន្ថែមពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជក់ថា ការបញ្ចប់ភារកិច្ចរបស់កងទ័ពមួកខៀវកម្ពុជា នៅក្នុងតំបន់បេសកកម្ម សុទ្ធតែបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោក តាមក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមរបស់ពិភពលោក ។

តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាពិតជាមានមោទនភាពណាស់ បានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យរក្សាសន្តិភាព ដែលបានបង្ហាញពីឆន្ទៈរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើលោក ។ ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានរួមចំណែកបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ចំនួន ៩២០៥នាក់ ក្នុងនោះនារី ៧២៦នាក់ ទៅកាន់បេសកកម្មចំនួន ១២ ក្នុងប្រទេសចំនួន១០ សម្រេចជោគជ័យជាបន្តបន្ទាប់ ដែលជាបុព្វហេតុថែរក្សាសន្តិភាព ស្ថិរភាពពិភពលោក និងទទួលបានការកោតសរសើ រលើឆាកអន្តរជាតិ ៕

ប្រភព៖ AKP