សមិទ្ធផលការងាររយៈពេល៣ថ្ងៃក្នុងដំណើរទស្សនៈកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុន

0

ភ្នំពេញ៖ ក្នុងដំណើរទស្សនៈកិច្ចរយៈពេល ៣ថ្ងៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្ដេចធិបតី បានសម្រេចសមិទ្ធផលការងារជាច្រើនជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ ការសម្រេចបានសមិទ្ធផលការងាររបស់សម្តេចធិបតីនេះ គឺស្របពេលដែលសម្តេចធិបតីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី ៥០។

ចាប់តាំងពីថ្ងៃដំបូងដែល សម្តេចនាយករដ្ឋមន្រ្តីបានអញ្ជើញដល់ប្រទេសជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុន ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើឯកសារសំខាន់ៗមួយចំនួនដូចជា៖ ១) គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើកកម្ពស់  រដ្ឋាភិបាលអេឡិចត្រូនិក។ ២) គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន។ ៣) គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់ផលិតផែនទីនាវាចរណ៍អេឡិចត្រូនិក។ ៤)កំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា។ ៥) អនុស្សរណៈរវាងធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពី កិច្ចសហប្រតិបត្តិការនៃការទូទាត់ឆ្លងដែនតាមរយៈQR Code។ ៦) អនុស្សរណៈរវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Minebea Mitsumi និងក្រុមហ៊ុន SchneiTec ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលព្រះអាទិត្យ (សូឡា)។ ៧) អនុស្សរណៈរវាងក្រសួងរ៉ែ និងថាមពល ជាមួយ ក្រុមហ៊ុន erex Co. Ltd និងក្រុមហ៊ុន SPHP (Cambodia) ស្ដីពីកិច្ចសហប្រតិបត្តិការលើ គម្រោងថាមពលជីវម៉ាស ។

 

ជាមួយគ្នានេះដែរ សម្ដេចធិបតី បានជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីឡាវ និងនាយករដ្ឋមន្ត្រីវៀតណាម បានជជែកពិភាក្សាពាក់ព័ន្ធនឹងគោលនយោបាយ ទេសចរណ៍ «ប្រទេស៣ គោលដៅតែមួយ» និងរឹតបន្តឹងចំណងមិត្តភាពត្រីភាគីឱ្យកាន់តែស្អិតរមួត។ បន្តពីនេះ នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ និង វៀតណាម ប្តេជ្ញា បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេស ទាំង៣ ឱ្យកាន់ តែ រីក ចម្រើនលើគ្រប់  វិស័យ រួមមាន៖ កិច្ចសហប្រតិបត្តិការក្នុងវិស័យ ថាមពល, ការ តភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងបី, ការបន្តលើកកម្ពស់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគ, ការជំរុញក្នុងការអនុវត្តកិច្ច សហប្រតិបត្តិការ នៅក្នុងវិស័យទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម «កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)» និងជាពិសេសការខិតខំលើក កម្ពស់សេដ្ឋកិច្ចជាតិ និងកម្រិតជីវភាព របស់ ប្រជាពល រដ្ឋអោយកាន់តែល្អប្រសើរឡើង។

លើសពីនេះទៅទៀត សម្តេចបានជួបពិភាក្សាការងារជាមួយបណ្តាក្រុមហ៊ុនជាច្រើនរបស់ប្រទេសជប៉ុនក្នុងគោលបំណងទាក់ទាញការវិនិយោគ និងកិច្ចសហប្រតិបត្តិការអាជីវកម្មលើវិស័យផ្សេងៗដើម្បីនាំការងារ និងប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ ក្នុងនោះសម្តេចធីបតីក៏បានគិតគូរដល់ការបណ្តុះបណ្តាលជំនាញសម្រាប់ប្រជាជនកម្ពុជា និងបញ្ហាការ         បញ្ជូលពលករ និងកម្មសិក្សាការីខ្មែរទៅធ្វើការងារនៅប្រទេសជប៉ុនប្រកបដោយសុវត្ថិភាព និងការបង្កលក្ខណៈងាយស្រួលផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន សាជីវកម្ម និងសមាគមន៍ធំៗ ដែលសម្តេចធិបតីបានទទួលជួបពិភាក្សាការងាររួមមាន៖ ក្រុមហ៊ុន KOJIMA Holding Co.,Ltd, ក្រុមហ៊ុន Ehime Package, ក្រុមហ៊ុន Sumitomo Corporation, ក្រុមហ៊ុន Yazaki Corporation, ក្រុមហ៊ុន Pharma Foods International Co., Ltd និងបណ្តាក្រុមហ៊ុនធំៗជាច្រើនទៀត។

បន្ថែមពីលើកិច្ចពិភាក្សានេះ សម្ដេចធិបតី ក៏បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ សិស្សនិស្សិត កម្មសិក្សាការី ពលករខ្មែរ ដែលកំពុងរស់នៅ និងប្រកបការងារនៅប្រទេស       ជប៉ុនកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ផងដែរ។ ក្នុងពេលជំនួបនោះផងដែរ សម្ដេចធិបតីបានមានប្រសាសន៍ ថា៖ «សម្តេចមកប្រទេសជប៉ុនរយៈពេល ៣ថ្ងៃនេះគឺត្រូវជួបក្រុមហ៊ុនរបស់ជប៉ុនសរុបជាង ៦០០ក្រុមហ៊ុន ដែលក្នុងនោះមានចំនួន ១១ក្រុមហ៊ុនត្រូវជួបដោយផ្ទាល់។»សូមបញ្ជាក់ថា ក្រៅពីការជួបប្រជុំជាមួយថ្នាក់ដឹកនាំកំពូល និងទៅស្វែងរកក្រុមហ៊ុនជប៉ុនដើម្បីមកវិនិយោគនៅកម្ពុជាហើយ សម្តេចធិបតីក៏បានគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសដែរ ដោយសម្តេចបានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលត្រូវពិនិត្យលទ្ធភាពក្នុងការសិក្សា និងពិភាក្សាជាមួយភាគីជប៉ុនក្នុងការពង្រឹងកិច្ចគាំពាសម្រាប់ប្រជាជន សិស្សនិស្សិត ពលករ និងកម្មសិក្សាការីខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសបន្ថែមទៀតរូមមាន៖ ១) ការបង្កើតឱ្យមានមជ្ឍមណ្ឌលគាំពាពលករកម្ពុជានៅខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន។ ២)ពិភាក្សាជាមួយភាគីជប៉ុនដើម្បីកាត់បន្ថយតម្លៃសេវាបញ្ជូនពលករ និងកម្មសិក្សាការីទៅធ្វើការប្រទេសជប៉ុនឱ្យបានសមស្រប និងអាចទទួលយកបានគ្រប់ភាគីហើយយ៉ាងតិច ១០% ក្នុងឆ្នាំ២០២៤។ ៣) ត្រូវខិតខំជំរុញឱ្យមានការអនុញ្ញាតឱ្យកម្មសិក្សាការីអាចផ្លាស់ប្តូរការងារអំឡុងពេលធ្វើការក្នុងកម្រិតណាមួយដែលមិនប៉ះពាល់ដល់និយោជកជប៉ុន។ ៤) ក្រសួងការងារត្រូវបង្កើតប្រព័ន្ធតាមដានឌីជីថលអំពីវឌ្ឍនភាពឯកសាររបស់បងប្អូនពលករឱ្យបាននៅពាក់កណ្តាលឆ្នាំ២០២៤ ខាងមុខ។ ៥) ក្រសួងការងារត្រូវពិនិត្យមើលលទ្ធភាពក្នុងការរៀបចំអនុព័ន្ធការងារបន្ថែមនៅប្រទេសជប៉ុនផងដែរ។

គូសបញ្ជាក់ផងដែរថា ឆ្នាំនេះគឺជាខួបទី ៧០នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ហើយក៏ជាឆ្នាំដែលប្រទេសទាំងពីរបានបង្កើនកម្រិតនៃទំនាក់ទំនងការទូតទៅជា «ភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិទំនាក់ទំនងកម្ពុជា-ជប៉ុន។

ជាចុងក្រោយ កិច្ចប្រជុំរវាងសម្តេចធិបតី និងបណ្តាប្រទេសព្រមទាំង ក្រុមហ៊ុន ជាច្រើនរយៈពេល៣ថ្ងៃនេះសម្រេចបានផ្លែផ្លាគួរជាទីសោមនស្ស។ រាជរដ្ឋាភិបាលបានបើកភ្លើងខៀវស្វាគមន៍អ្នកវិនិយោគថ្មីមក     កម្ពុជា ដោយធានាបាននូវនិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច។  មួយវិញទៀត ថែមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជាដៃគូ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ បង្កើតការងារកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ បង្កើនលទ្ធភាពកម្លាំងពលកម្មជំនាញ និងកាត់បន្ថយភាពក្រីក្រ៕

ប្រភព៖ AKP