ភ្ញៀវទេសចរជិត៨ម៉ឺននាក់ មកទស្សនាពិព័រណ៍ និងការសម្តែងទស្សនីយភាពសិល្បៈចម្រុះនានា នៃព្រឹត្តិការណ៍រម្លឹកគុណអង្គរ

0

សៀមរាប៖ រយៈពេល១០ថ្ងៃ នៃព្រឹត្តិការណ៍រម្លឹកគុណអង្គរ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២៣ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស សរុបជិត៨ម៉ឺននាក់ បានចូលមកទស្សនាស្តង់ពិព័រណ៍ និងកម្មវិធីសម្តែងទស្សនីយភាពសិល្បៈចម្រុះនានានៅខាងមុខប្រាសាទអង្គរវត្ត និងព្រះលានជល់ដំរី នៃក្រុងអង្គរធំ ។ នេះបើយោងតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ នៃអាជ្ញាធរជាតិអប្សរា ។

លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនារសៀលថ្ងៃចន្ទ ៦កើត​ ខែកក្កិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ថា យោងតាមការកត់ត្រាដោយឡែកៗពីគ្នានោះ ចំនួនភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស ចូលទស្សនា រោងពិព័រណ៍របស់អាជ្ញាធរជាតិអប្សរា មានសរុបចំនួន៩ ៦៤៣នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន៥ ០៤៨នាក់ ។ រីឯភ្ញៀវដែលចូលទស្សនាក្នុងកម្មវិធីល្ខោនយីកេមហាជន,ល្ខោនស្បែកធំ, និងល្ខោនខោលរឿងរាមកេរ្តិ៍ នៅខាងត្បូងប្រាសាទអង្គរវត្ត រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន ១៤៣៩នាក់ ដែលក្នុងនោះមាន ភ្ញៀវបរទេសចំនួន ៣៥នាក់ ក្រៅពីនោះគឺជាភ្ញៀវទេសចរជាតិ ។ ដោយឡែកកម្មវិធីរាត្រីចងចាំ សិល្បៈចម្រុះ ល្ខោនបុរាណពោលស្រី និងប្រដាល់ក្បាច់គុណបុរាណខ្មែរ នៅព្រះលានជល់ដំរី ពីថ្ងៃទី១៤ ដល់១៥ និង១៧ ខែធ្នូ ឆ្នាំ២០២៣ មានភ្ញៀវសរុបចំនួន ៦៩ ០០៥នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ៣០០នាក់ ។

 

លោក ឡុង កុសល ក៏បានជម្រាបជូនផងដែរថា ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំប្រារព្ធពិធីបុណ្យ «​ រម្លឹកគុណអង្គរ » នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងរយៈពេល១០ថ្ងៃ នៃព្រឹត្តិការណ៍រម្លឹកគុណអង្គរ ក្រៅពីការប្រារព្ធនូវពិធីបែបសាសនា ដើម្បីសម្តែងនូវការដឹងគុណ ចំពោះអង្គព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ និងបុព្វការីជនទាំងអស់ ដែលលោកបានខិតខំកសាង និងថែរក្សាប្រាសាទបុរាណទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃនេះ ក៏មានកម្មវិធីទស្សនាស្តង់ពិព័រណ៍ស្តីពីសមិទ្ធផលការងាររយៈពេល៣១ឆ្នាំ របស់អាជ្ញាធរជាតិអប្សរា ការសម្តែងទស្សនីយភាពសិល្បៈបុរាណជាច្រើនទម្រង់ ដើម្បីរួមចំណែកលើកកម្ពស់ស្នាដៃសិល្បៈបុរាណ និងផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស ផងដែរ៕

ប្រភព៖ AKP