Xavi ពន្យល់​ពី​ហេតុផល​ដែល​មិន​ចុះហត្ថលេខា​លើ​អ្នកចាំទី​ជំនួស Ter Stegen នៅ​ខែមករា

0

Barcelona បញ្ជាក់​ថា​មិន​មាន​គោលដៅ​ចូល​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​ខែមករា សម្រាប់​ស្វែងរក​អ្នកចាំទី​ថ្មី​ឡើយ បន្ទាប់​ពី Marc-Andre ter Stegen ទទួល​ការ​វះកាត់​ខ្នង​។ ក្រោយ​ពី​ការ​វះកាត់ របាយការណ៍​បាន​បង្ហាញ​ថា គាត់​នឹង​អវត្តមាន​ប្រហែល​ពីរ​ខែ​។

Xavi មិន​មាន​តម្រូវការ​ក្នុង​ការ​ដោះ​ដូរ​កីឡាករ​ក្នុង​ទីផ្សារ​ផ្ទេរ​នា​ពេល​ខាង​មុខ ដើម្បី​ដោះស្រាយ​បញ្ហា​រយៈពេល​ខ្លី​នោះ​ទេ​។ គ្រូបង្វឹក​រូប​នេះ​បាន​ពន្យល់​មុន​ពេល​ការ​ប្រកួត La Liga ទល់​នឹង Girona ថា​៖ «​វា​មិនមែន​ជា​ជម្រើស​ក្នុង​ការ​ចុះហត្ថលេខា​លើ​អ្នកចាំទី​ទេ​។ យើង​ជឿជាក់​លើ​អ្វី​ដែល​យើង​មាន​។ យើង​ជឿជាក់​ថា Marc នឹង​ជា​សះស្បើយ​ឆាប់​ៗ»​។

ក្នុង​ការ​អវត្តមាន​របស់ Ter Stegen ត្រូវ​បាន​ជំនួស​ដោយ​អតីត​អ្នកចាំទី Barca B កីឡាករ Inaki Pena ។ កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ឡើង​មក​កាន់​ក្រុម​ដំបូង​កាលពី​រដូវ​កាល​មុន ហើយ​នេះ​គឺជា​ឱកាស​ដំបូង​របស់​គាត់ ក្នុង​ការ​ទទួល​បានការ​ប្រកួត​ជា​បន្តបន្ទាប់​។ គាត់​បាន​រក្សា Clean Sheet ទល់​នឹង Atletico Madrid៕