គ្រូបង្វឹកលោក Unai Emery និងអ្នកចាំទី Emiliano Martinez របស់ក្រុម Aston Villa បានលើកឡើងថាក្រុមរបស់គាត់កំពុងប្រជែងដណ្តើមពាន Premier League បន្ទាប់ពីយកឈ្នះលើក្រុម Manchester City និង Arsenal ។
ក្រុម Aston Villa បានយកឈ្នះក្រុមជើងឯក 1-0 កាលពីថ្ងៃពុធ ហើយបន្ទាប់មកបានយកឈ្នះក្រុមកាំភ្លើងធំ Arsenal ជាមួយលទ្ធផលដូចគ្នាកាលពីយប់ថ្ងៃសៅរ៍។ ជ័យជម្នះនេះបានធ្វើឱ្យក្រុមរបស់លោក Unai Emery ឈរនៅលេខរៀងទី 3 តាមពីក្រោយក្រុមកំពូលតារាង Liverpool ត្រឹមតែ 2 ពិន្ទុប៉ុណ្ណោះ។
និយាយពីការប្រជែងពាន Premier League អ្នកការពារសំណាញ់ទី Martinez បាននិយាយថា៖ «បាទ ប្រាកដណាស់យើងកំពុងប្រជែងដណ្តើមពាន។ វាពិតជាមិនងាយស្រួលទេក្នុងការយកឈ្នះ Man City និង Arsenal។ ប៉ុន្តែយើងជឿជាក់ជាមួយអ្វីដែលយើងកំពុងធ្វើ វាមិនមែនជាសំណាងទេ វាជាការខំប្រឹង»។
ចំពោះការលើកឡើងរបស់លោក Unai Emery សម្រាប់ការរំពឹងទុក ដោយនិយាយថា៖ «ពេលនេះខ្ញុំមិនទាន់អាចនិយាយបានថា យើងនឹងមានឱកាសលើកពានោះទេ ប៉ុន្តែខ្ញុំនឹងនិយាយម្ដងទៀត ក្នុងការប្រកួតទី 32។ ពិតណាស់ យើងស្ថិតក្នុងក្រុមកំពូលទាំងបួន ហើយយើងត្រូវតែព្យាយាមរក្សាស្ថេរភាព»។
គាត់បានបន្ថែមលើការឈ្នះ Arsenal ថា៖ «យើងរីករាយខ្លាំងណាស់។ វាជាការប្រកួតជាមួយក្រុមកំពូល។ យើងបានចាប់ផ្តើមយ៉ាងល្អ ជាមួយនឹងបរិយាកាសដ៏អស្ចារ្យ។ ពួកយើងរកបានគ្រាប់បាល់ដំបូង និងគ្រប់គ្រងការប្រកួត ប៉ុន្តែពួកគេជាក្រុមដែលមានភាពរឹងមាំ។
អ្នកចាំទីរបស់យើងពិតជាអស្ចារ្យណាស់។ យើងការពារបានយ៉ាងល្អ និងប្រកួតប្រជែង។ យើងទទួលបានបីពិន្ទុដ៏អស្ចារ្យ។ សប្តាហ៍ដ៏លំបាក យើងត្រូវតែសប្បាយចិត្ត»៕