បរទេស៖ ក្តីសង្ឃឹមរបស់ក្លឹប Manchester United សម្រាប់ការបន្តដំណើរក្នុងពានរង្វាន៉ Champions League កាន់តែតិចទៅហើយក្រោយបានត្រឹមស្មើរគ្នា ៣ទល់នឹង៣ជាមួយនឹងក្លឹប Galatasaray កាលពីយប់ថ្ងៃពុធ។ អ្នកចាំទី Andre Onana ជាអ្នកដែលបង្កនៅកំហុសដល់ទៅ ២គ្រាប់ មុននឹងអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ អ្នកចាំទីរូបនេះត្រូវបានគេប្រទះឃើញថាបានបោះស្រោមដៃចោលដោយមិនពេញចិត្ត នឹងញីសក់ក្បាលរបស់ខ្លួន ក្រោយក្លឹប Man Utd ទទួលបានលទ្ធផលយ៉ាងនេះ។
អ្នកចាត់ការក្លឹប Manchester United លោក Erik ten Hag មិនបានបន្ទោស Onana ចំពោះលទ្ធផលស្មើរនេះទេ។ គាត់បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖ “គាត់មិនអីនោះទេ។ វាមិនមែនជាបញ្ហាផ្ទាល់ខ្លួននោះទេ។ កំហុសនៅក្នុងកីឡាបាល់ទាត់វាអាចបង្កើតនៅរឿងផ្សេង ហើយអ្នកត្រូវទទួលខុសត្រូវចំពោះវា ប៉ុន្តែវាតែងតែជាបញ្ហារបស់ក្រុមទាំងមូល”។
“ពួកយើងរកបានគ្រាប់បាល់លឿនជាងក្រុមផ្សេងៗ។ វាគឺជាគោលដៅនៅពេលដែលយើងនាំមុខ ២ទល់នឹង០ ហើយអ្នកត្រូវធ្វើការគ្រប់គ្រង់ការប្រកួតនេះ។ វាមិនមែនជារឿងងាយស្រួល ដែលយើងបានផ្តល់នៅបាល់ពិន័យ Free-Kick ទៅអោយគេ ហើយពួកយើងត្រូវការពារបាល់ពិន័យ Free-Kick អោយបានល្អ។ Hakim គឺអស្ចារ្យ ខ្ញុំបានដឹងអំពីរឿងនេះ ហើយគាត់គឺមិនធម្មតានោះទេ”។
លទ្ធផលការប្រកួតយប់ថ្ងៃពុធបានធ្វើអោយក្លឹប United បន្តនៅបាត់តារាងនៅពូល A ខណៈពេលដែលការប្រកួតចុងក្រោយនឹងមកដល់។ ក្លឹបបិសាចក្រហមត្រូវការឈ្នះក្លឹប Bayern Munich នៅប្រកួតចុងក្រោយ ហើយក្លឹប Copenhagen ត្រូវស្មើរជាមួយនឹងក្លឹប Galatasaray ទើបពួកគេអាចឡើងទៅលេងនៅវគ្គ ១៦ក្រុមចុងក្រោយបាន។
Ten Hag នៅតែរក្សាភាពស្មើរភាពចំពោះកីឡាករ Onana នៅពេលនេះ ប៉ុន្តែកន្លែងរបស់គាត់នៅក្នុងក្រុមអាចនឹងជួបការលំបាក ប្រសិនជាគាត់នៅតែបន្តបង្កើតកំហុសដដែរៗ។ អ្នកចាំទីរូបនេះ អាចនឹងត្រូវទៅចូលរួមជាមួយនឹងក្រុមជម្រើសជាតិ កាម៉ារ៉ូន ក្នុងការប្រកួត AFCON ២០២៤ នៅខែមករា ដែលអាចអនុញ្ញាតអោយអ្នកចាំទីដៃទី២ Altay Bayindir មានឪកាសបង្ហាញខ្លួនបាន៕