Gabriel Jesus បញ្ជាក់​ថា មិន​អាច​រក​គ្រាប់​បាល់​បាន​មិនមែន​បង្ហាញ​ពី​ភាព​ខ្សោយ​ទេ

0

ខ្សែប្រយុទ្ធ Gabriel Jesus របស់ Arsenal បាន​និយាយ​ថា ការ​រក​គ្រាប់​បាល់​មិនមែន​បញ្ជាក់​ពី​ភាព​ខ្លាំង​របស់​គាត់​ទេ បន្ទាប់​ពី​ខក​ខានមិនបាន​ស៊ុត​បញ្ចូល​ទី​ក្នុងអំឡុងពេល​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​ជាមួយ​ប្រេ​ស៊ី​ល​។

Jesus មិន​អាច​រក​គ្រាប់​បាល់​បាន​ទេ​ក្នុង​ការ​ប្រកួត​រវាង​អា​ហ្ស​ង់​ទី​ន ទល់​នឹង​ប្រេ​ស៊ី​ល​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ដែល​ពង្រីក​កំណត់​ត្រា​របស់​គាត់​ដល់​ទៅ 9 ប្រកួត​ដោយ​គ្មាន​គ្រាប់​បាល់​សម្រាប់​ក្រុម​ជម្រើសជាតិ​។

កីឡាករ​វ័យ 26 ឆ្នាំ​រូប​នេះ មាន​ភាពល្អ​ប្រសើរ​ក្នុង​កម្រិត​ក្លឹ​ប ដោយ​ស៊ុត​បញ្ចូល​ទី​បាន 11 គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន 26 ប្រកួត​នៅ Premier League សម្រាប់ Arsenal កាលពី​រដូវ​កាល​មុន ក្រោយ​ផ្ទេរ​ចេញពី Manchester City ក្នុង​តម្លៃ 45 លាន​ផោន​។

ប៉ុន្តែ​ទោះបីជា​កំណត់​ត្រា​មិនល្អ​របស់​គាត់​សម្រាប់​ប្រេ​ស៊ី​ល Jesus បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ថា​៖ «​មានរឿង​ដែល​រំខាន​ខ្ញុំ​ច្រើន​ក្រោយ World Cup 2018​។ ពេល​នោះ​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មានចិត្ត​គំនិត​ខុស​ពី​គេ​។ ប៉ុន្តែ​ថ្ងៃនេះ​ខ្ញុំ​ជា​បុរស​ដែល​មាន​ភាព​ចាស់ទុំ​។ ខ្ញុំ​យល់​ថា​បាល់ទាត់​គឺជា​អាទិភាព​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព ជា​ពិសេស​សម្រាប់​ប្រេ​ស៊ី​ល​។ ខ្ញុំ​ខំប្រឹង​ហ្វឹកហាត់ ខ្ញុំ​ព្យាយាម ដើម្បី​ខ្ញុំ​ជួយ​ក្រុម​។ គ្រាប់​បាល់​មិនមែន​បញ្ជាក់​ពី​ភាព​ខ្លាំង​របស់ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ស៊ុត​បញ្ចូល​ទី ខ្ញុំ​នៅ​ទីនោះ​ដើម្បី​រក​គ្រាប់​បាល់​។ ខ្ញុំ​នឹង​ធ្វើ​អោយ​បាន​ច្រើន​ក្នុង​ក្រុម​ជម្រើសជាតិ​»​។

«​ខ្ញុំ​ជឿ​ថា​ខ្ញុំ​អាច​ស៊ុត​បញ្ចូល​ទី​ម្តងទៀត វា​នឹង​កើតឡើង​។ ខ្ញុំ​ធ្វើការ​ដោយ​ស្ងាត់ស្ងៀម ខ្ញុំ​មិនមែន​ជា​អ្នកឆ្លើយ​តប​នឹង​ការ​រិះគន់​ទេ ខ្ញុំ​មិនមែន​ជា​កីឡាករ​សប្បាយ​ចិត្តនឹង​ការ​សរសើរ​ទេ​។ ខ្ញុំ គឺ​ខ្ញុំ​»៕