សមាជិកសភាហ្គាណាម្នាក់ បានសុំទោសខ្សែការពាររបស់ Manchester United កីឡាករ Harry Maguire បន្ទាប់ពីបានចំអកឱ្យគាត់កាលពីឆ្នាំមុន។
នៅខែធ្នូ ឆ្នាំ 2022 សមាជិកសភាលោក Isaac Adongo បានប្រៀបធៀបការគ្រប់គ្រងសេដ្ឋកិច្ចរបស់អនុប្រធានាធិបតី Mahamudu Bawumia ទៅនឹងការបង្ហាញសមត្ថភាពរបស់ Maguire នៅលើទីលាន។ Maguire តែងតែប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់គាត់ បន្ទាប់ពីក្លាយជាខ្សែការពារថ្លៃបំផុតរបស់ពិភពលោកផ្លាស់មក Man United នៅរដូវក្តៅឆ្នាំ 2019។
ប៉ុន្តែកាលពីថ្ងៃអង្គារលោក Adongo បានចេញមុខសុំទោសទៅកាន់ខ្សែការពារកណ្តាលរបស់ Man Utd។ គាត់បាននិយាយថា៖ «អ្នកចាំថាកាលពីឆ្នាំមុន ខ្ញុំធ្វើការរិះគន់ Harry Maguire។ ឥឡូវនេះខ្ញុំសូមអភ័យទោសចំពោះ Maguire។ ថ្ងៃនេះ Maguire ជាកីឡាករបាល់ទាត់ដែលកំពុងរកគ្រាប់បាល់ឱ្យ Manchester United ។ Harry Maguire ឥឡូវនេះគឺជាកីឡាករដ៏សំខាន់សម្រាប់ Man Utd»។
កីឡាករវ័យ 30 ឆ្នាំរូបនេះបានបង្ហោះនៅលើ X ដោយទទួលយកការសុំទោស ហើយបន្ថែមថា ជួបគ្នានៅ Old Trafford ឆាប់ៗនេះ៕