David Alaba ប្រៀបធៀប​ក្លឹ​ប Real Madrid ជាមួយនឹង Bayern Munich

0

ខ្សែការពារ David Alaba របស់​ក្លឹ​ប Real Madrid បាន​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​ដែល​បង្ហាញ​ថា គាត់​អាច​ចាក​ចេញពី​ក្លឹ​ប​នា​ពេល​ខាង​មុខ​នេះ​។

Alaba បាន​ចូលរួម​ជាមួយ Real Madrid ពី Bayern Munich ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវក្តៅ​ឆ្នាំ 2021 ដោយ​ជ្រើសរើស​បញ្ចប់​កិច្ចសន្យា​រយៈពេល 13 ឆ្នាំ​របស់​គាត់​ជាមួយ​ក្លឹ​ប​យក្ស​អា​ល្លឺ​ម៉​ង ដើម្បី​ស្វែងរក​ការ​ប្រកួតប្រជែង​ថ្មី​។

ក្នុង​ឆ្នាំ​ដំបូង​របស់​គាត់​នៅ Santiago Bernabeu ខ្សែការពារ Alaba បាន​ជួយ Los Blancos ឈ្នះ Champions League និង La Liga ពីរ​ដង ហើយ​បង្កើត​ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ​នៅ​តំបន់​ខ្សែការពារ​ជាមួយ​កីឡាករ Eder Militao ។

កាយសម្បទា​របស់ Alaba ក្នុង​រដូវ​កាល 2023/24 ក៏​ត្រូវ​បាន​រំខាន​ដោយ​បញ្ហា​សាច់ដុំ​ភ្លៅ ខណៈ​ពេល​ដែល Madrid ក៏​អវត្តមាន​កីឡាករ Militao បន្ទាប់​ពីរ​ងរ​បួស ACL កាលពី​ដើមរដូវ​កាល ។

បើ​យោង​តាម 90 MIN បាន​បញ្ជាក់​ថា Alaba ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​វិល​ត្រឡប់​ទៅ​កាន់​ក្របខ័ណ្ឌ Bundesliga ។

Alaba បាន​និយាយ​ក្នុង​ពេល​នៅ​ជាមួយ​ក្រុម​ជម្រើសជាតិ​អូ​ទ្រី​ស​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​សុខ​ស្រួល​ណាស់​ក្នុង​ទីក្រុង Madrid​។ ខ្ញុំ​ចូល​ចិត្ត Real Madrid ហើយ​ខ្ញុំ​មាន​គោលដៅ​ច្បាស់លាស់​។ គំនិត​របស់ខ្ញុំ​មិន​មាន​កន្លែង​ផ្សេង​ទេ​»​។

ទោះបីជា​បេះដូង​របស់​គាត់​គឺ​ច្បាស់​ជាមួយ Madrid ប៉ុន្តែ Alaba ថ្មី​ៗ​នេះ​បាន​សារភាព​ថា គាត់​បាន​មើល​កា​រវិ​វត្ត​របស់​អតីត​ក្លឹ​ប Bayern ក្នុង​រដូវ​កាល​នេះ​។

Alaba បាន​បន្ថែម​ថា​៖ «​ជា​ការ​ពិត​ណាស់ ខ្ញុំ​តែងតែ​តាមដាន FC Bayern ។ ពួក​គេ​កំពុង​មាន​រដូវ​កាល​ល្អ​ណាស់​រហូត​មក​ដល់​ពេល​នេះ​។ ពួក​គេ​ត្រូវ​បាន​ទម្លាក់​ចេញពី Pokal ប៉ុន្តែ​ពួក​គេ​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ក្របខ័ណ្ឌ Champions League និង​នៅ​ក្នុង​ក្របខ័ណ្ឌ Bundesliga»​។

នៅ​ពេល​សួរ​ថា​តើ​ក្លឹ​ប​ណា​ល្អ​ជាង​រវាង Real Madrid និង Bayern សម្រាប់​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Champions League នោះ Alaba បាន​ឆ្លើយ​តប​ថា​៖ «​ខ្ញុំ​គិត​ថា​វា​អាស្រ័យ​លើ​ព័ត៌មាន​លម្អិត​ជា​ច្រើន​។ ក្រុម​ទាំង​ពីរ​មានគុណ​ភាព​ដើម្បី​ឈ្នះ​ពានរង្វាន់ Champions League ដូច​គ្នា ។ ពិត​ណាស់​គោលដៅ​របស់​យើង​គឺ ឈរ​នៅ​កំពូល​តារាង​រហូត​ដល់ទី​បញ្ចប់​»៕