បរទេស៖ ខ្សែបម្រើក្លឹប Liverpool កីឡាករ Thaigo ត្រូវបានរាយការណ៍ថាទទួលបានការចាប់អារម្មណ៍ពីក្លឹបយក្សនៅអ៊ីតាលីដូចជា Juventus និង Inter Milan។
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះមិនទាន់បានបង្ហាញខ្លួនអោយក្លឹបហង្សក្រហមនៅឡើយទេសម្រាប់រដូវកាលនេះដោយសារតែបញ្ហារបូស ដែលការបង្ហាញខ្លួនលើកចុងក្រោយរបស់គាត់ គឺនៅពេលប្រកួតជាមួយនឹងក្លឹប West Ham កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំទៅ។

កីឡាករ Thiago បានក្លាយជាខ្សែបម្រើដែលមានបទពិសោធន៍ជាគេនៅក្នុងក្លឹប Liverpool ដែលបន្តស្នាក់នៅជាមួយក្លឹបនៅរដូវក្តៅនេះ ខណៈ Jordan Henderson, Fabinho, James Milner និង Naby Keita បានចាកចេញពីក្លឹប។

ទោះបីជាយ៉ាងណាក៏ដោយបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាកីឡាករវ័យ ៣២ឆ្នាំអាចនឹងចាកចេញពីក្លឹបនៅចុងរដូវកាលនេះ នៅពេលដែលកុងត្រារបស់គាត់ចប់។
គាត់អាចនឹងធ្វើការចរចាជាមួយនឹងក្លឹបនៅក្រៅប្រទេសអង់គ្លេសបាននៅខែមករានេះ ហើយតាមប្រភពដដែរបានអោយដឹងថាក្លឹប Juventus និង Inter Milan បានចូលមកប្រជែងគ្នាដើម្បីយករូបគាត់។
គួរបញ្ជាក់ថាកីឡាករ Thaigo មិនទាន់ធ្លាប់លេងនៅទឹកដីអ៊ីតាលីនោះទេ ក្រោយគាត់បានលេងអោយក្លឹប Barcelona និង Bayern Munich មុននឹងមកចូលរួមជាមួយនឹងក្លឹប Liverpool៕