ឯកឧត្តម អ៊ូ រតនា ដាក់ក្តីសង្ឃឹមខ្ពស់ថា អត្តពលិកវ៉ូវីណាមកម្ពុជា នឹងដណ្តើមបានមេដាយ ជើងឯកពិភពលោក នៅប្រទេសវៀតណាម

0

ភ្នំពេញ៖ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានបង្ហាញក្តីរំពឹងខ្ពស់ថា ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិវ៉ូវីណាមកម្ពុជានឹងអាចដណ្តើមមេដាយមាស ប្រាក់ និងសំរឹទ្ធបាន នៅក្នុងការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក លើកទី៧ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលគ្រោងនឹងដំណើរការពីថ្ងៃទី២៣ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងពិធីសំណេះសំណាលលើកទឹកចិត្ត មុនអត្តពលិកចេញទៅហ្វឹកហាត់ត្រៀម នៅប្រទេសវៀតណាម នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាគូសបញ្ជា់ថា សម្រាប់ការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៣នេះ សហព័ន្ធនឹងបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី សរុប ៣៧នាក់ ជាមួយនឹងការដាក់ក្ដីរំពឹងខ្ពស់ថា អត្តពលិករបស់ខ្លួននឹងអាចដណ្តើមបានមេដាយជូនជាតិ ជាក់ជាមិនខាន បើទោះបីការប្រកួតឆ្នាំនេះ មានប្រទេសថ្មីៗចូលរួមច្រើនក៏ដោយ។

ឯកឧត្តម អ៊ូ រតនា បានលើកឡើងយ៉ាងដូច្នេះថា ៖«ក្រោយពីបញ្ចប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជាមិនមានការប្រមូលផ្ដុំនោះទេ ប៉ុន្តែសហព័ន្ធតែងតែខិតខំប្រឹងប្រែងជំរុញ និងរៀបចំការហ្វឹកហាត់ដល់កីឡាករ-កីឡាការិនី ដើម្បីរក្សានូវគុណផលត្រៀមការប្រកួត។ មុនការប្រកួត២សប្ដាហ៍ សហព័ន្ធបានត្រៀមបញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនីទៅប្រមូលផ្ដុំហ្វឹកហាត់បន្ត នៅទីក្រុងហូជីមិញ ដើម្បីត្រៀមលក្ខណៈបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ត្រៀមប្រជែងមេដាយជូនជាតិ»។

យើងបានដាក់ក្ដីរំពឹងលើគ្រប់អត្តពលិក ព្រោះគ្រប់អត្តពលិកតែយើងបញ្ជូនទៅ សុទ្ធតែធានធានប្រកបដោយគុណភាពខ្ពស់។ ការប្រកួតស៊ីហ្គេម យើងបានជោគជ័យ ប៉ុន្តែជើងឯកពិភពលោក ឆ្នាំ២០២៣នេះ ដោយសារមិនមានការប្រមូលផ្ដុំ។ ដូច្នេះដើម្បីពង្រឹងឲ្យពួកគាត់មានសក្ដានុពល សហព័ន្ធក៏សម្រេចចិត្តក្នុងការបញ្ជូនពួកគាត់ទៅធ្វើការប្រមូលផ្ដុំហ្វឹកហាត់នៅវៀតណាម ដែលជាបន្ទុកធ្ងន់មួយរបស់សហព័ន្ធ ដើម្បីជួយដល់ពួកគាត់ ដើម្បីចង់បានលទ្ធផលល្អយកមកជូនជាតិមាតុភូមិ។

បើទោះបីជា វ៉ូវីណាមកម្ពុជា គឺជាប្រភេទកីឡាមួយមានសក្តានុពលខ្ពស់ក៏ពិតមែន ប៉ុន្តែប្រធានសហព័ន្ធរូបនេះមិនអាចកំណត់នូវចំនួនមេដាយច្រើនប៉ុណ្ណានោះទេ ដោយសារនេះគឺជាប្រកួតឯកពិភពលោក មិនមែនជាការប្រកួតកម្រិតតំបន់ ឬអាស៊ីទេ មានអត្តពលិកមកពីគ្រប់ទ្វីប ហើយឆ្នាំនេះ មានប្រទេសថ្មីៗចូលរួមទៀត។ ដូច្នេះការប្រកួតនេះ នឹងមានភាពតានតឹង សម្រាប់អត្តពលិកយើង ប៉ុន្តែឯកឧត្តមជឿជាក់ថា អត្តពលិកនឹងបង្ហាញពីសមត្ថភាព និងការប្រឹងប្រែងរបស់ខ្លួន ក្នុងការប្រកួតនាពេលដ៏ខ្លីខាងមុខ។

គួររម្លឹកថា កាលពីឆ្នាំ២០២១៩ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៦ ក្រុមកីឡាវ៉ូវីណាមកម្ពុជា ដណ្តើមបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោមអត្តពលិកជាង ២០ប្រទេស ដោយកម្ពុជាបានឈ្នះមេដាយសរុប ៣១គ្រឿង ក្នុងនោះមេដាយមាស ៩ ប្រាក់ ១០ និងសំរឹទ្ធ ១២គ្រឿង៕

ប្រភព៖ AKP