លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បានបង្ហាញពីចិត្តសាស្ត្ររបស់គាត់ ដែលនៅពីក្រោយនៃការមិនដាក់កីឡាករមួយចំនួនអោយចូលលេង ដោយចេតនាធ្វើអោយពួកគេខឹង ដូច្នេះវាផ្តល់នូវការឆ្លើយតបពីសមត្ថភាពកីឡាករនៅលើទីលាន នៅពេលដែលពួកគេទទួលឱកាសបង្ហាញសមត្ថភាព។
កីឡាករ Jeremy Doku បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានចំនួនបួនដង ក៏ដូចជាការស៊ុតបាល់បញ្ចូលទីដោយខ្លួនឯងផងដែរ អំឡុងការប្រកួតទល់នឹងក្រុម Bournemouth កាលពីថ្ងៃសៅរ៍ គាត់បានបង្ហាញអោយឃើញពីភាពអស្ចារ្យ ក្រោយពីគាត់ត្រឹមជាកីឡាករបម្រុងក្នុងការប្រកួត Manchester Derby កាលពីមួយសប្តាហ៍មុន។ ដោយឡែក Jack Grealish បានបង្ហាញខ្លួននៅទឹកដី Old Trafford ប៉ុន្តែបន្ទាប់មកគាត់បានត្រឹមអង្គុយមើលកីឡាករ Doku លេងនៅក្នុងតំបន់របស់ខ្លួន។
លោក Guardiola បាននិយាយអំពីរឿងនេះថា៖ «ខ្ញុំចង់ឱ្យ Jack ខឹង ហើយខ្ញុំចង់ឱ្យគាត់លេងអោយបានល្អ។ ហើយបន្ទាប់មកខ្ញុំក៏ធ្វើអោយ Doku ខឹងដែរ។ ហើយនេះជាវិធីដើម្បីរក្សាស្ថេរភាពនៅកម្រិតដ៏ខ្ពស់របស់យើង»។
«ដូចដែល Jeremy និង Jack បានបង្ហាញ ហើយខ្ញុំដាក់កីឡាករទាំងពីរក្នុងពេលតែមួយ ប៉ុន្តែនៅពេលដែលពួកគេមិនលេង ពួកគេត្រូវហ្វឹកហាត់ឱ្យបានល្អនៅថ្ងៃបន្ទាប់ ព្រោះពេលវេលានឹងមានសម្រាប់ពួកគេ»។
»របៀបដែល Grealish លេងនៅ Old Trafford បានផ្តល់ឱ្យយើងនូវភាពស្ងប់ស្ងាត់ និងថាមពលកាន់តែច្រើននៅក្នុងមុខតំណែងនោះ ហើយវាគឺជាការសម្រេចចិត្តសម្រាប់យើង។ យើងត្រូវការអ្នកគ្រប់គ្នា។ យើងមានការប្រកួតជាច្រើន ហើយអ្នកគ្រប់គ្នាត្រូវតែប្រកួតប្រជែងគ្នា ។ បន្ទាប់មកយើងនឹងឈ្នះការប្រកួត។ ហើយអ្នករាល់គ្នានឹងសប្បាយចិត្ត»។
គួរបញ្ជាក់ផងដែរថា Man City នឹងត្រូវប្រកួតពានរង្វាន់ Champions League នៅយប់នេះជាមួយ Young Boys របស់ស្វីសនៅកីឡដ្ឋាន Etihad៕