លោក Ange Postecoglou បានទទូចថា Tottenham នៅតែលេងតាមរបៀបរបស់ពួកគេ ទោះបីជាពួកគេមានកីឡាករត្រឹមតែប្រាំបួននាក់ក៏ដោយ។
ក្រុម Spurs បានរងបរាជ័យក្នុងក្របខ័ណ្ឌ Premier League ជាលើកដំបូងសម្រាប់រដូវកាលនេះ ក្រោមថ្វីជើងក្រុមតោខៀវ Chelsea ក្នុងការប្រកួតកាលពីថ្ងៃចន្ទ ។
ទោះជាយ៉ាងណាក៏ដោយក្រុម Tottenham នៅតែទទួលបានការសរសើរជាច្រើន បើទោះបីជាចាញ់ក្នុងលទ្ធផល 4-1 ជាមួយកីឡាករត្រឹមតែ 9នាក់ បន្ទាប់ពី Cristian Romero និង Destiny Udogie ទទួលបានកាតក្រហម។
គ្រូបង្វឹកក្រុមមាន់ខ្នាយមាសលោក Postecoglou បានសាទរចំពោះភាពធន់របស់ក្រុមគាត់បន្ទាប់ពីការប្រកួត ហើយបានសង្កត់ធ្ងន់ថា Tottenham នឹងមិនផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ពួកគេ ខណៈពេលដែលគាត់កំពុងគ្រប់គ្រង។
លោក Postecoglou និយាយក្រោយចប់ការប្រកួតថា យើងនៅតែប្រើទម្រង់លេងរបស់យើងជាធម្មតា ព្រោះយើងចង់ដឹងថា ក្រុមយើងនឹងទៅជាបែបណា ដរាបណាខ្ញុំនៅទីនេះ ខ្ញុំនៅតែលេងតាមយុទ្ធសាស្ត្ររបស់ខ្ញុំ។ ហើយយើងបានឃើញវាបង្ហាញពីស្មារតី និងលក្ខណៈសំខាន់របស់យើង។
យើងខកចិត្តចំពោះលទ្ធផល ប៉ុន្តែយើងពិតជាមានមោទនភាពចំពោះកីឡាករ ពួកគេធ្វើបានយ៉ាងល្អ ហើយនោះជាភាពវិជ្ជមានដែលយើងនឹងទទួលយក៕