សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អត្ថប្រយោជន៍ជាច្រើននឹងត្រូវបន្តផ្តល់ជូន និងពង្រឹងបន្ថែម ជូនដល់កម្មករ-និយោជិតទាំងអស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧

0

ព្រះសីហនុ៖ ជីវភាពរស់នៅ និងសុខទុក្ខរបស់កម្មករ-និយោជិតទាំងអស់ គឺតែងតែត្រូវបានយកចិត្តទុកដាក់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈការរៀបចំគោលនយោបាយគាំទ្រជាប់ជាប្រចាំ ជាពិសេសការបង្កើត និងពង្រីកការងារឱ្យកាន់តែច្រើន បង្កើតបរិយាកាសលក្ខខណ្ឌការងារល្អ របបសន្តិសុខសង្គម និងគាំពារលើជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងការព្យាយាមបង្កើនប្រាក់បៀវត្សអប្បបរមា បូកនឹងអត្ថប្រយោជន៍ផ្សេងៗផងដែរ ។ ដូចនេះ អត្ថប្រយោជន៍ទាំងអស់នេះ ក៏នឹងត្រូវបន្តផ្តល់ជូន និងពង្រឹងបន្ថែម ជូនដល់កម្មករ-និយោជិតទាំងអស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសារគន្លឹះសំខាន់ៗក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ទី៧ វិច្ឆិកា ២០២៣៖

សម្តេចធិបតីនាយករដ្ឋមន្ត្រី បាននាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកម្មករ- និយោជិតទាំងអស់ ប្រកបដោយមនោសញ្ចេតនានឹករលឹកជាទីបំផុត ។ ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណដល់កម្មករ-និយោជិតទាំងអស់ ដែលបានផ្តល់ឱកាសដល់គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំ និងបម្រើប្រជាពលរដ្ឋបន្តទៀត ។ យោងតាមលទ្ធផលនៃការបោះឆ្នោត គឺប្រជាពលរដ្ឋ ៨៦.៥០% ក្នុងខេត្តព្រះសីហនុ បានចេញទៅបោះឆ្នោត ហើយ ៨៦.១៥% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនេះ ពិតជាបានបញ្ជាក់អំពីជំនឿជឿជាក់ ភាពរីករាយ និងភាពកក់ក្តៅចំពោះគោលនយោបាយដ៏ជាក់លាក់របស់ សម្តេចតេជោ ហើយដែលត្រូវបានបន្តអនុវត្តដោយរាជរដ្ឋាភិបាលបច្ចុប្បន្ន និងទៅអនាគត ។

ផែនការទៅអនាគត គឺជាកិច្ចការសំខាន់ ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏មិនអាចបំភ្លេចបាននូវកត្តាប្រវត្តិសាស្ត្រ ដែលជាមេរៀនសម្រាប់ធ្វើការសិក្សាប្រៀបធៀប ពីព្រោះកន្លងទៅ កម្ពុជាយើងធ្លាប់ជាប្រទេសដែលមានសង្គ្រាមពេញផ្ទៃប្រទេស មានការកាប់សម្លាប់ និងការបន្សល់ទុកគ្រាប់មីន គំនាបផ្នែកសេដ្ឋកិច្ច និងបញ្ហាប្រឈមជាច្រើនរាប់មិនអស់ ដែលជាការលំបាកបំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនផង និងដង្ហើមសេដ្ឋកិច្ចជាតិទាំងមូលផង ។ នៅពេលនោះ យើងពឹងផ្អែកលើការនាំចូលស្ទើរទាំងស្រុង ប៉ុន្តែបច្ចុប្បន្នក្រោមម្លប់សន្តិភាព ស្ថិរភាព និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យយើងមានសមត្ថភាពម្ចាស់ការផលិតដោយខ្លួនឯង ហើយមានសមត្ថភាពផលិតទំនិញគុណភាពខ្ពស់ និងស្តង់ដារ ដើម្បីនាំចេញទៅក្រៅប្រទេស ផងដែរ បន្ទាប់ពីបានឆ្លងកាត់ការកែទម្រង់ជាច្រើនដំណាក់កាល ក្នុងនោះក៏មានការកែទម្រង់ទីផ្សារ ពីសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារ ជាសក្ខីភាពស្រាប់ ។

ឈរលើមូលដ្ឋាននៃការគិតគូរអំពីអត្ថប្រយោជន៍ និងការយកចិត្តទុកដាក់ដល់ប្រជាជនជាអាទិភាព រាជរដ្ឋាភិបាលបានចាត់ទុកការបង្កើតការងារ គឺជាការបង្កើតឆ្នាំងបាយសម្រាប់ប្រជាជន ។ ជាក់ស្តែង ខេត្តព្រះសីហនុ ជាខេត្តដែលពោរពេញដោយសក្តានុពលក្នុងវិស័យការងារ ដើម្បីបង្កើតផលប្រយោជន៍ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតជូនប្រជាពលរដ្ឋ ដោយក្នុងនេះ ចាំបាច់ត្រូវធានាឱ្យបាននូវកត្តា ៣ យ៉ាង គឺ៖ ១. កត្តាសុខសន្តិភាព-ស្ថិរភាព, ២. កត្តាគោលនយោបាយត្រឹមត្រូវ ដូចជា គោលនយោបាយបញ្ចប់សង្គ្រាម គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងគោលនយោបាយការទូតល្អ, និង ៣. កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងធនធានមនុស្ស ។ ដូចនេះ យើងទាំងអស់គ្នា ត្រូវបន្តរួមគ្នា ខិតខំថែរក្សាសមិទ្ធផលជំនាន់មុនឱ្យបានល្អប្រសើរ និងខិតខំបង្កើតថ្មីឱ្យកាន់តែប្រសើរ ហើយបន្តកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយៗទៀត ៕

ប្រភព៖ AKP