ក្រុម Real Madrid បានខកខានឱកាសមួយដើម្បីបន្តឈរនៅលើកំពូលតារាង La Liga ខណៈដែលពួកគេត្រូវបានបញ្ចប់ក្នុងលទ្ធផល 0-0 ស្មើជាមួយក្រុម Rayo Vallecano នៅកីឡាដ្ឋាន Santiago Bernabéu ។
លទ្ធផលនេះធ្វើឱ្យ Real ឈរនៅលេខរៀងទីពីរ ក្នុងតារាងដោយតាមពីក្រោយក្រុមកំពូលតារាង Girona ពីរពិន្ទុ ដែលបានឈ្នះក្រុម Osasuna 4-2 កាលពីថ្ងៃសៅរ៍។ កីឡាករ Federico Valverde, Joselu, Jude Bellingham និង Vinicius Jr សុទ្ធតែមានឱកាសស៊ុតបញ្ចូលទី ប៉ុន្តែគួរអោយសោកស្ដាយដែលមិនមានគ្រាប់បាល់។
ក្រុម Rayo Vallecano ឥឡូវនេះមិនស្គាល់ចាញ់សោះក្នុងការប្រកួត 9 លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់។ ផ្ទុយទៅវិញ វាជាល្ងាចដ៏ខកចិត្តមួយសម្រាប់ក្រុមម្ចាស់ផ្ទះ ហើយអ្វីដែលជាបញ្ហានោះគឺកីឡាករ Bellingham ត្រូវសម្រាកព្យាបាលរបួសស្មា។
អ្នកចាត់ការ Ancelotti បាននិយាយថាស្ថានភាពរបស់កីឡាករជម្រើសជាតិអង់គ្លេស នឹងត្រូវបានវាយតម្លៃនៅថ្ងៃចន្ទ ប៉ុន្តែគាត់បានបញ្ជាក់ថាវាមិនមែនជាហេតុផលសម្រាប់ការព្រួយបារម្ភខ្លាំងនោះទេ។
លោក Ancelotti បាននិយាយថា៖ «Bellingham នឹងត្រូវបានធ្វើតេស្តនៅថ្ងៃស្អែក។ យើងមិនគិតថាវាធ្ងន់ធ្ងរនោះទេ»៕