ឯកឧត្តម ប៊ូ ជុំសិរី អនុរដ្ឋលេខាអិការក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា គោលបំណងនៃការប្រឡងឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ចំពោះការប្រឡងនេះ ដែលធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅកម្ពុជា កាន់តែមានគុណភាព មានន័យថា អ្នកចេះ គឺជាប់ ដូចនេះក្មួយត្រូវយកអស់បញ្ញាស្មារតី បញ្ចេញអស់សមត្ថភាព ក្នុងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ។
ឯកឧត្តម ប៊ូ ជុំសិរី មានប្រសាសន៍បែបនេះ នៅក្នុងកម្មវិធីកាត់បើកវិញ្ញាសារប្រឡងបាក់ឌុប(ទុតិយភូមិ)ចំណេះទូទៅ និង បំពេញវិជ្ជា ឆ្នាំសិក្សា២០២២-២០២៣ នៅមណ្ឌលប្រឡង សាលាបឋមសិក្សាគិរីសុវណ្ណវង្សស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃចន្ទ ៨រោច ខែអស្សុជឆ្នាំថោះ បញ្ជស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ពិធីនេះក៏មានការអញ្ជើញចូលរួម លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង លោក ម៉ៅ តារា នាយករដ្ឋបាលសាលាខេត្ត លោក ស៊ឹម ប្រឹមប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង អមដោយមន្ត្រីសមត្តកិច្ចជាច្រើននាក់ផងដែរ ។
ឯកឧត្តមបានមានប្រសាសន៍ថា ការបង្ហាញហឹបវិញ្ញាសា ជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ។ ក្មួយៗទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសនៅថ្ងៃប្រឡងបាក់ឌុប និងខិតខំធ្វើវិញ្ញាសាប្រឡងឱ្យអស់ពីសមត្ថភាពព្រមទាំងគោរតាមបទបញ្ជាផ្ទៃក្នុង នៅពេលប្រឡងឱ្យបានល្អ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយពេលប្រឡង ។ ពិសេសជោគជ័យក្នុងការប្រឡង ស័ក្ដិសមជាទំពាំងស្នងឫស្សី ជាសសរទ្រូងប្រទេសជាតិ ។
លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា កាប្រឡងបាក់ឌុបឆ្នាំសិក្សា២០២២-២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៦-០៧ ខែវិច្ឆិកានេះ ខេត្តកំពង់ឆ្នាំងមានមណ្ឌលប្រលងចំនួន ៨នៅទូទាំងខេត្ត ចែកចេញជា ១៧៤បន្ទប់ ស្ថិតនៅក្រុងកំពង់ឆ្នាំងចំនួន៤មណ្ឌលនិង ស្រុករលាប្អៀរចំនួន៤មណ្ឌល ដែលមានបេក្ខជនចូលរួមចំនួន ៤៣៣០នាក់ ក្នុងស្រីចំនួន ២ ៣៦៧នាក់ ។ ថ្នាក់វិទ្យាសាស្រ្តចំនួន ២មណ្ឌលចែកចេញជា ៤២បន្ទប់ មានសិស្សសរុប ១ ០៤៧នាក់ ស្រីចំនួន ៦៩១នាក់ ។
លោកប្រធានមន្ទីរបានផ្ដាំផ្ញើដល់ក្មួយៗ បេក្ខជនប្រឡងទាំងអស់ ខិតខំយកចិត្តទុកដាក់ពង្រឹងស្មារតី យកអស់កម្លាំងកាយចិត្តបញ្ចេញបញ្ញាវៀងវៃ ដើម្បីដណ្ដើមយកជោគជ័យឱ្យទល់តែបាន ។ សូមក្មួយកុំបរិភោគនូវអាហារ ដែលមានផលប៉ះពាល់ ធ្វើឱ្យមានការរំខាននៅពេលប្រឡងរក្សាសុខភាព និងអានាម័យឱ្យបានល្អ ៕
ប្រភព៖ AKP