Pep Guardiola បាន​និយាយ​បែប​នេះ​ពី​កីឡាករ Bernardo Silva និង Jeremy Doku

0

លោក Pep Guardiola បាន​សារភាព​ថា គ្រាប់​ទី​ពីរ​របស់ Bernardo Silva ក្នុង​ការ​យកឈ្នះ 6-1 លើ​ក្រុម Bournemouth របស់ Manchester City បាន​ធ្វើ​ឱ្យ​គាត់​នឹកឃើញ​ដល់ Lionel Messi​។

Silva ស្ថិត​ក្នុង​ទម្រង់​លេង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​សម្រាប់ Man City អំឡុង​ពេល​ទទួល​ជ័យជម្នះ​យ៉ាង​ត្រចះត្រចង់​កាលពី​ថ្ងៃ​សៅរ៍ ដោយ​ស៊ុត​បាន​ពីរ​គ្រាប់​នៅ​កីឡដ្ឋាន Etihad​។ គ្រាប់​បាល់​ទី 2 របស់​កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​គឺ​ពិសេស​ខ្លាំង​ណាស់​។

ថ្លែង​ក្រោយ​ចប់​ការ​ប្រកួត​លោក Guardiola បាន​សរសើរ​ជា​ពិសេស​ទៅ​លើ​គ្រាប់​ទី 2 របស់ Bernardo ដោយ​ប្រដូច​ទៅ​នឹង​ការ​បញ្ចប់​ទី​របស់ Messi ៖ «Silva ជា​កីឡាករ​ម្នាក់​ដែល​រក​គ្រាប់​បាល់ វា​គឺជា​ជំហាន​បន្ទាប់​ក្នុង​អាជីព​របស់​គាត់​។ គាត់​គឺជា​កីឡាករ​ដ៏​ល្អ​មិន​គួរ​ឱ្យ​ជឿ​។ គ្រាប់​ចុង​ក្រោយ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​នឹកឃើញ Messi តាម​របៀប​ដែល​គាត់​បង្ហាញ​វា​ពិតជា​អស្ចារ្យ​»​។

លោក Guardiola ក៏​បាន​និយាយ​អំពី​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់ Jeremy Doku ។ អ្នកចាត់ការ​រូប​នេះ​បាន​សារភាព​ថា គាត់​មានការ​ភ្ញាក់ផ្អើល​ចំពោះ​របៀប​ដែល Doku លេង​ដោយ​និយាយ​ថា​៖ «​គាត់​បាន​ធ្វើ​ឱ្យ​យើង​ទាំងអស់​គ្នា​ភ្ញាក់ផ្អើល គាត់​ជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​ម្នាក់​។ ខ្ញុំ​តែង​សង្កេត​រាល់​សកម្មភាព​ដែល​គាត់​ធ្វើ​។ គាត់​តែងតែ​បង្ហាញ​ភាព​អស្ចារ្យ​ពេល​ដែល​បាល់​នៅ​ជើង​របស់​គាត់​។ សព្វថ្ងៃ​វា​ពិបាក​រក​កីឡាករ ដែល​មាន​សមត្ថភាព​លេង​ក្នុង​ចន្លោះ​តូច​ៗ​ដូច​ជា​គាត់ ហើយ​គាត់​គឺជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​មាន​លឿន​។ វា​មិន​គួរ​ឱ្យ​ជឿ ពី​របៀប​ដែល​គាត់​ផ្លាស់​ប្តូរ​ចង្វាក់​ក្នុង​រយៈ​ចំងាយ​ប្រាំ​ម៉ែត្រ​។ បន្ទាប់​ពី​នោះ​គាត់​ធ្វើការ​សម្រេច​ចិត្តបាន​យ៉ាង​ល្អ​។ នោះ​ហើយ​ជា​មូលហេតុ​សម្រាប់​ខ្ញុំ ក្នុង​ការ​ចុះ​ហត្ថា​លេខា​លើ​គាត់​»​។

លោក Guardiola សង្ឃឹមថា​អ្នក​ទាំង​ពីរ​នឹង​បន្ត​ទម្រង់​លេង​ដ៏​ល្អ​របស់​ពួក​គេ នៅ​ពេល​ដែល Man City ប៉ះ​ក្រុម Young Boys ក្នុង​ក្របខ័ណ្ឌ Champions League និង Chelsea នៅ Premier League ស​ប្តា​ហ៍​ក្រោយ​៕