គ្រូបង្គោលភ្នំពេញក្រោន ៖ វាអាចជាការលំបាកខ្លាំង សម្រាប់ជំនួបជើងទី២ជាមួយម្ចាស់ផ្ទះ Macarthur FC របស់អូស្ត្រាលី

0

ភ្នំពេញ៖ លោក Oleg Starynskyi គ្រូបង្គោលក្រុមបាល់ទាត់ភ្នំពេញក្រោនគូសបញ្ជាក់ថា សម្រាប់ការប្រកួតរបស់ក្រុមភ្នំពេញក្រោនជាមួយម្ចាស់ផ្ទះ Macarthur FC របស់ប្រទេសអូស្ត្រាលី នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វគ្គជម្រុះពូល F នៃពានរង្វាន់ក្លឹបលំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup) ឆ្នាំ២០២៣-២០២៣ គឺជាការប្រកួតមួយដ៏លំបាក ដោយសារវាខុសពីពេលវេលា អាកាសធាតុ និងការរៀបចំក្រុមជាដើម ខណៈម្ចាស់ផ្ទះ Macarthur FC មានការរៀបចំក្រុមបានល្អ ស៊ាំនឹងអាកាសធាតុល្អ ដោយសារពួកគេជាម្ចាស់ផ្ទះ។

នេះជាការលើកឡើងរបស់លោក មុនពេលចេញដំណើរទៅកាន់ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីត្រៀមប្រកួតជាមួយ ក្រុម Macarthur FC ដែលជាប្រកួតទី៤នៃវគ្គជម្រុះក្នុងពូល F នេះ។

លោក Oleg Starynskyi  ជឿជាក់ថា «ក្រុមខ្លាំងរបស់អូស្រ្តាលីមួយនេះនឹងរៀបចំក្រុមល្អជាងប្រកួតជាមួយភ្នំពេញក្រោន កាលពីជើងទី១ នៅរាជធានីភ្នំពេញ ដែលកាលពីជើងទី១ គ្រូបង្គោលរបស់ក្រុម Macarthur FC បានដាក់កីឡាករវ័យក្មេងរបស់ខ្លួន ហើយនៅជើងទី២ គ្រូបង្វឹកពួកគេនឹងដាក់កីឡាករចាស់ៗមួយចំនួន ខណៈខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ពួកគេនឹងបង្ហាញខ្លួន ក្នុងការប្រកួតជើងទី២ដ៏សំខាន់មួយនេះ។ ការចាកចេញពីកម្ពុជា មុនរយៈពេល ២-៣ថ្ងៃនេះ គឺជាពេលវេលាមួយ ដើម្បីបន្តការហ្វឹកហាត់ត្រៀមនៅលើទឹកដីនៃប្រទេសអូស្ត្រាលី។ លោកក៏ថ្លែងអំណរគុណដល់ប្រធានក្លឹបភ្នំពេញក្រោនដែរ ដែលបានរៀបចំឲ្យមានការចេញទៅមុនច្រើនថ្ងៃ ដោយនៅប្រទេសអូស្ត្រាលីមានការចំណាយខ្ពស់ ដើម្បីជំរុញឲ្យភ្នំពេញក្រោនអាចបោះជំហានទៅរកវគ្គបន្តបន្ទាប់ទៀត»។

កាលពីជើងទី១ យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ភ្នំពេញក្រោនបានយកឈ្នះ

Macarthur FC របស់ប្រទេសអូស្រ្តាលី ដោយលទ្ធផលបច្ចេកទេស ៣ទល់០។ បច្ចុប្បន្ន ភ្នំពេញក្រោនកំពុងក្តោបក្តាប់ តំណែងចំណាត់ថ្នាក់លេខ១ ជាមួយ៩ពិន្ទុ ក្រោយឆ្លងកាត់៣ប្រកួត ឈ្នះទាំង៣ប្រកួត និងមិនទាន់របូតគ្រាប់បាល់នៅឡើយ។ ចំណែកឯកក្រុម Macarthur FC របស់ប្រទេសអូស្រ្តាលី ឈរនៅចំណាត់ថ្នាក់លេខ២ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ២ប្រកួត និងចាញ់១ប្រកួតជាមួយភ្នំពេញក្រោន ដែលមាន៦ពិន្ទុ។

 

ការប្រកួតជម្រុះក្នុងពូល F នេះ គឺភ្នំពេញក្រោននៅសល់៣ប្រកួតទៀត ដោយក្រុម Macarthur FC នឹងត្រូវជួបភ្នំពេញក្រោន ជើងទី២ នាថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២៣ នៅកីឡដ្ឋាន CAMPBELLTOWN ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ ភ្នំពេញក្រោនត្រូវជួបប្រកួតជាមួយ ក្រុម Dynamic Herb Cebu របស់ប្រទេសហ្វីលីពីន នាថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Smart RSN និងចុងក្រោយភ្នំពេញក្រោនត្រូវប៉ះជាមួយក្រុម Shan United នៅកីឡដ្ឋាន THUWUNNA ប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ។

 

គួរបញ្ជាក់ថា ពានរង្វាន់នេះបែងចែកជាតំបន់ចំនួន៥ មានអាស៊ីខាងលិច អាស៊ីខាងកើត អាស៊ីកណ្តាល អាស៊ីខាងត្បូង និងអាស៊ីអាគេ្នយ៍ ដោយតំបន់អាស៊ីអាគ្នេយ៍នេះមាន ពូល F, G និង H ដោយ១ក្នុង១ពូលៗមាន៤ក្រុមស្មើៗគ្នា។ ក្រោយការប្រកួតបញ្ចប់ទាំងស្រុង តំបន់អាស៊ីអាគ្នេយ៍នេះ គឺក្រុមចំណាត់ថ្នាក់លេខ១ នៃពូលទាំង៣ និងក្រុមលេខ២ល្អផ្តាច់គេនឹងឡើងទៅប្រកួតនៅជុំបន្ទាប់៕

ប្រភព៖ AKP