Diogo Jota បាននិយាយថាយើងនៅទីនេះសម្រាប់ Luis Diaz បន្ទាប់ពីឪពុកម្ដាយរបស់កីឡាករសញ្ជាតិកូឡុំប៊ី ត្រូវបានចាប់ជំរិត។ ជាការគោរព Jota បានកាន់អាវលេខ 7 មានឈ្មោះ Luis Diaz បន្ទាប់ពីស៊ុតបញ្ចូលទីបើកឆាកក្នុងជ័យជម្នះ 3-0 លើក្រុម Nottingham Forest ។
អាជ្ញាធរកូឡុំប៊ីបានបញ្ជាក់ថា ឪពុកម្តាយរបស់ Diaz ត្រូវបានចាប់ដោយខ្មាន់កាំភ្លើង។ ដោយម្តាយរបស់គាត់ ត្រូវបានគេជួយសង្គ្រោះរួចផុតពីបញ្ហានេះ ប៉ុន្តែឪពុករបស់គាត់បានបាត់ខ្លួន។
កីឡាករ Luis Diaz មិនមានឈ្មោះក្នុងក្រុម Liverpool សម្រាប់ជំនួបជាមួយក្រុម Nottingham Forest នៅថ្ងៃអាទិត្យនោះទេ ប៉ុន្តែអាវដែលមានឈ្មោះ និងលេខរបស់គាត់ត្រូវលោក Jurgen Klopp ប្រគល់ទៅឱ្យ Jota បន្ទាប់ពីកីឡាករសញ្ជាតិព័រទុយហ្គាល់រកបានគ្រាប់បាល់ដំបូង។
Jota បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្លឹប Liverpool ថា៖ «វាជាស្ថានភាពដែលយើងមិននឹកស្មានដល់ ទោះបីយើងមិនបានឆ្លងកាត់ស្ថានភាពនេះ។ អ្វីដែលយើងអាចនិយាយបាន គឺយើងនៅទីនេះសម្រាប់គាត់ ហើយសង្ឃឹមថាអ្វីៗដំណើរការល្អសម្រាប់គ្រួសាររបស់គាត់»។
អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បាននិយាយមុនការប្រកួតទល់នឹង Nottingham Forest ថា៖ «មែនហើយ តើអ្នកអាចចូលរួមការប្រកួតបាល់ទាត់ដ៏មានសារៈសំខាន់ នៅថ្ងៃបែបនេះបានដោយរបៀបណា0x017d7 វាពិតជាលំបាកណាស់។ វាពិតជារឿងសោកសៅមួយសម្រាប់កីឡាកររបស់យើង។ វាជាស្ថានភាពគួរឲ្យព្រួយបារម្ភសម្រាប់គាត់ នឹងពួកយើងទាំងអស់គ្នា វាក៏ជាយប់ដ៏តានតឹងណាស់ដែរ។ ខ្ញុំមិនដែលធ្លាប់ជួបរឿងបែបនេះពីមុនមកទេ។ វាជាបទពិសោធថ្មីមួយ ដែលយើងមិនត្រូវការ»៕