ភ្នំពេញ៖ អ្នកប្រដាល់ជនជាតិដើមប្រេស៊ីល និងមានសញ្ជាតិខ្មែរ Thiago Teixeira ដែលមានឈ្មោះខ្មែរថា សែន ច័ន្ទឫទ្ធីគុន បានវិលត្រឡប់មករួមរស់ជាមួយក្លិបប្រដាល់គុនខ្មែរអន្តរជាតិ (Kun Khmer International Fight Gym) ដែលមានឧកញ៉ា ស្រី ចាន់ថន ប្រធានក្លិប។
អ្នកប្រដាល់ជនជាតិប្រេស៊ីលរូបនេះដែលប្រកាសចាកចេញពីក្លិបប្រដាល់គុនខ្មែរអន្តរជាតិរបស់ឧកញ៉ា ស្រី ចាន់ថន ប៉ុន្តែពេលនេះខ្លួនបានមកសុំបម្រើការងារនៅក្លឹប KKIF វិញហើយ។
ឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លិប KKIF គូសបញ្ជាក់ថា «កន្លែងដែលឲ្យតម្លៃដោយហេតុផលតម្លៃ (គុនខ្មែរ) និងគំនិតគិតវិជ្ជមានរួបរួម ពេលដែលយើងចាកចេញពីកន្លែងមួយយើងតែងតែជួបនូវព្យុះភ្លៀងខ្យល់ និងឧបសគ្គផ្សេងៗជាច្រើនទៀត ពេលនោះហើយយើងនឹងដឹងកន្លែងណា គឺជាកន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់ជីវិតយើង ហើយជាកន្លែងដែលផ្ដល់តម្លៃឲ្យយើងពិតប្រាកដ»។
ឧកញ៉ា ស្រី ចាន់ថន បានក្លាយជាបុគ្គលដ៏សំខាន់ ដែលបានទាក់ទាញ លោកThiago និងភរិយារបស់លោក គឺអ្នកស្រី ROMA MARIA ROZANSKA STEFFEN ឱ្យមកចាប់ចិត្តនឹងវិស័យគុនខ្មែរ និងព្រមឡើងប្រកួតតំណាងឱ្យ ប្រទេសកម្ពុជា បើទោះបីជាពេលនោះ លោក Thiago មានក្លឹបប្រដាល់ផ្ទាល់ខ្លួននៅប្រទេសថៃក៏ដោយ។
គួរបញ្ជាក់ថា ក្លឹបកីឡាប្រដាល់គុនខ្មែរអន្តរជាតិនឹងរៀបចំបើកសង្វៀនប្រកួតថ្នាល់គុនខ្មែរ ដែលឈ្មោះថា «អាណាចក្រថ្នាលគុនខ្មែរ-KKIF» ដោយគ្រោងនឹងចាប់ផ្តើមរៀបចំពីនៅចុងខែតុលា ឆ្នាំ២០២៣នេះតទៅ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីថ្មីៗ ដែលមានលក្ខណៈខ្ចីបទពិសោធន៍បានបញ្ចេញសមត្ថភាពក្នុងការដណ្ដើមខ្សែក្រវាត់ KKIF ឬពានរង្វាន់ផ្សេងៗ។ ក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ ក្រោមការដឹកនាំពីឧកញ៉ា ស្រី ចាន់ថន មានឆន្ទៈខ្ពស់ ក្នុងការបណ្តុះធនធានមនុស្សគុនខ្មែរឲ្យកាន់តែសម្បូរបែប និងប្រកបដោយគុណភាព ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរជាមួយជាតិឲ្យកាន់តែមានធនធានច្រើន និងរីកចម្រើនបន្ថែមទៀត៕
ប្រភព៖ AKP