បរទេស៖ លោក ជីរុត អ៊ីសារ៉ាងគុល ណា អាយុធថាយ៉ា ប្រធានការិយាល័យសន្និបាត និងពិព័រណ៍ថៃ (TCEB) បានប្រកាសថា សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានជ្រើសរើសប្រទេសថៃឱ្យធ្វើជាម្ចាស់ផ្ទះសម្រាប់មហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំ២០២៤។
មហាសន្និបាត FIFA លើកទី៧៤ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតជាតិម្ចាស់ក្សត្រី ស៊ីរីគីត។
ប្រទេសថៃ គឺជាប្រទេសដំបូងគេនៅអាស៊ានដែលបានធ្វើម្ចាស់ផ្ទះនៃមហាសន្និបាត FIFA ដែលត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកតំណាងចូលរួមជាង ១.០០០នាក់មកពីជុំវិញពិភពលោក។
មហាសន្និបាតនោះ គឺជាឱកាសសម្រាប់សមាជិករបស់ FIFA មកពីសមាគមចំនួន២១១ នៅទូទាំងពិភពលោក ដើម្បីឈរឈ្មោះសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup និងស្នើបេក្ខជនសម្រាប់តំណែងប្រធាន FIFA។
អ្នកចូលរួមនៅក្នុងមហាសន្និបាតនោះ ក៏នឹងជ្រើសរើសប្រទេសជាម្ចាស់ផ្ទះសម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនារីឆ្នាំ២០២៧ ផងដែរ។
អាជ្ញាធរថៃរំពឹងថា មហាសន្និបាត FIFA ឆ្នាំ២០២៤ នឹងបង្កើតទំនុកចិត្ត និងលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ប្រទេសថៃក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិភពលោកមួយនេះ ស្របតាមគោលដៅរបស់រដ្ឋាភិបាល។ វាក៏ជាការត្រួសត្រាយផ្លូវសម្រាប់ប្រទេសថៃក្នុងការបង្ហាញខ្លួនជាម្ចាស់ផ្ទះដ៏មានសក្តានុពលសម្រាប់ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ FIFA World Cup ផងដែរ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសផ្សេងទៀតនៅអាស៊ាន ដើម្បីធ្វើជាសហម្ចាស់ផ្ទះ ដោយសារតែតម្រូវការមួយរបស់ FIFA សម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ FIFA World Cup គឺត្រូវតែជាប្រទេសដែលបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត FIFA ពីមុនមក៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា