សេដ្ឋកិច្ចឌីជីថលរបស់សិង្ហបុរីរួមចំណែក ១៧,៣% ដល់ផលិតផលក្នុងស្រុកសរុប

0

បរទេស៖ សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសសិង្ហបុរីបានរួមចំណែក ១៧,៣% ដល់កំណើនសេដ្ឋកិច្ច និងការងារបច្ចេកវិទ្យាជាង ២០០.០០០កន្លែងកាលពីក្នុងឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យថ្មីដែលបានចេញផ្សាយ។

តួលេខនេះត្រូវបានចេញផ្សាយនៅក្នុងរបាយការណ៍មួយដោយអាជ្ញាធរអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ Infocomm (IMDA) និងសាលាគោលនយោបាយសាធារណៈលីក្វាន់យូ។

ឆ្លងកាត់ការវាស់វែងផ្សេងៗ របាយការណ៍នោះបានបង្ហាញថា សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសសិង្ហបុរីត្រូវបានពង្រីកក្នុងរយៈពេល ៥ឆ្នាំ រវាងឆ្នាំ២០១៧ និងឆ្នាំ២០២២។

របាយការណ៍នោះ​បាន​គណនា​សេដ្ឋកិច្ច​ឌីជីថល​ដោយ​ផ្អែក​លើ​សមាសធាតុ​ពីរ។ ទីមួយ គឺការបន្ថែមតម្លៃ ឬការរួមចំណែកផ្នែកសេដ្ឋកិច្ចនៃវិស័យសារព័ត៌មាន និងទំនាក់ទំនង (I&C) ដែលរួមមានសេវាកម្មឌីជីថល ដែលជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងឧស្សាហកម្មបច្ចេកវិទ្យា ដូចជាទូរគមនាគមន៍ កុំព្យូទ័រ និងកម្មវិធីសូហ្វវែរជាដើម។

ទីពីរ គឺការបន្ថែមតម្លៃឧស្សាហកម្មមិនមែនឌីជីថលដែលមានពីការទទួលយកបច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយ។

នាយកប្រតិបត្តិ IMDA លោក លូ ជើនហុង បាននិយាយថា រដ្ឋាភិបាលមានគោលបំណងបន្តបណ្តុះបណ្តាលកម្លាំងការងារបន្ថែមទៀត ដើម្បីទទួលយកតួនាទីដែលភ្ជាប់ជាមួយនឹងសេដ្ឋកិច្ចឌីជីថល ដោយមិនគិតពីសាវតារបស់កម្មករ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា