បរទេស៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន (CAAP) បាននិយាយថា ប្រទេសហ្វីលីពីនបានដាក់ការរឹតបន្តឹងសន្តិសុខខ្លាំងនៅអាកាសយានដ្ឋានចំនួន៤២ ហើយកំពុងស្វែងរកការផ្ទៀងផ្ទាត់ចំពោះការព្រមានបំផ្ទុះគ្រាប់បែកដែលអាចត្រូវបានធ្វើឡើងនៅលើយន្តហោះពាណិជ្ជកម្ម។
អាជ្ញាធរនោះបាននិយាយថា ជើងហោះហើរដែលត្រូវបានកំណត់អត្តសញ្ញាណបានធ្វើដំណើរទៅកាន់ទីក្រុងសេប៊ូ ទីក្រុងប៊ីកូល ទីក្រុងដាវ៉ាវ និងទីក្រុងប៉ាឡាវ៉ាន់ ហើយការព្រមានត្រូវបានទទួលតាមអ៊ីមែលដោយសេវាកម្មចរាចរណ៍ផ្លូវអាកាស។
ទីក្រុងកោះសេប៊ូ និងទីក្រុងប៉ាឡាវ៉ាន់ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរបរទេស។
វាមិនទាន់ច្បាស់ទេថា តើការគំរាមកំហែងនោះត្រូវបានចេញនៅពេលណានោះទេ។
កាលពីខែមុន អាជ្ញាធរហ្វីលីពីនបានទទួលការគំរាមកំហែងតាមរយៈអ៊ីមែលចំពោះបំផ្ទុះគ្រាប់បែកដែលសំដៅទៅលើផ្លូវរថភ្លើង Metro Transit Line 3 (MRT-3)។ បន្ទាប់ពីការត្រួតពិនិត្យយ៉ាងហ្មត់ចត់នៅក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃប្រព័ន្ធដឹកជញ្ជូនទាំងអស់ ជាពិសេសផ្លូវរថភ្លើង MRT-3 នោះ បុគ្គលិកសន្តិសុខមិនបានរកឃើញដាននៃវត្ថុណាមួយដែលអាចបង្កការគំរាមកំហែងដល់សាធារណជនដែលកំពុងធ្វើដំណើរនោះទេ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា