ទីបំផុត Eden Hazard បានត្រលប់មកលេងបាល់ទាត់វិញជាលើកដំបូង ចាប់តាំងពីត្រូវបាន Real Madrid បញ្ចប់កិច្ចសន្យា គាត់ត្រូវបង្ហាញខ្លួនក្នុងការប្រកួតសប្បុរសធម៌មួយនៅចុងខែនេះ។
កីឡាករ Hazard បានស៊ូទ្រាំនឹងសុបិន្តអាក្រក់នៅរដ្ឋធានីអេស្ប៉ាញ បន្ទាប់ពីការផ្ទេរដ៏បំបែកឯកទកម្មពី Chelsea នៅរដូវក្តៅឆ្នាំ 2019។ គាត់ត្រូវបានគេចាត់ទុកជាកីឡាករល្អបំផុតម្នាក់របស់ Premier League អំឡុងពេលគាត់នៅជាកីឡាករក្រុមតោខៀវ។
គាត់នឹងបង្ហាញខ្លួនត្រឹមតែ 76 ដងប៉ុណ្ណោះក្នុងអំឡុងពេល 4 ឆ្នាំរបស់គាត់ជាមួយអធិរាជស ដោយស៊ុតបញ្ចូលទីបាន 7 គ្រាប់នៅក្នុងការប្រកួតទាំងអស់។ ដោយសារ Hazard លេងមិនសូវបានល្អ ប្រធានក្លឹប Real បានសម្រេចចិត្តបញ្ចប់កុងត្រាគាត់នៅរដូវក្តៅ មួយឆ្នាំមុនកិច្ចសន្យារបស់គាត់ផុតកំណត់។
ចាប់តាំងពីពេលនោះមក គាត់បានបរាជ័យក្នុងការស្វែងរកក្លឹបថ្មី ហើយថែមទាំងត្រូវបានគេរាយការណ៍ថា កីឡាករសញ្ជាតិប៊ែលហ្សិកអាចចូលនិវត្តន៍ពីអាជីពបាល់ទាត់។ នៅទីបំផុតកីឡាករវ័យ ៣២ ឆ្នាំបានបោះជំហានត្រឡប់មកលេងបាល់ បន្ទាប់ពីខកខានបង្ហាញខ្លួននៅលើលានមួយរយៈ។
យោងតាម L’Equipe បានអោយដឹងថា Hazard បានចុះឈ្មោះចូលរួមការប្រកួតសប្បុរសធម៌នៅទីក្រុង Calais នៅថ្ងៃទី 18 ខែតុលា។ អតីតខ្សែប្រយុទ្ធ Real Madrid នឹងបង្ហាញខ្លួនសម្រាប់ក្រុម Varietes Club de France ក្នុងការប្រកួតដែលត្រូវធ្វើនៅកីឡដ្ឋាន Stade de L’Epopee។
Varietes Club de France ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1971 ហើយវាបង្កើតសម្រាប់ការប្រកួតសប្បុរសធម៌ដែលមានប្រហែល 40 ប្រកួតជារៀងរាល់ឆ្នាំ ។
គួរបញ្ជាក់ផងដែរ Hazard នឹងលេងជាមួយម្ចាស់ជើងឯកពិភពលោកឆ្នាំ 1998 ក្នុងនោះរួមមាន Didier Deschamps, Laurent Blanc, Robert Pirès, Christian Karembeu៕