លោក Mikel Arteta បញ្ជាក់​បន្ថែម​ពី​ស្ថានភាព​របួស​កីឡាករ Bukayo Saka

0

លោក Mikel Arteta បាន​និយាយ​ថា​របួស​ចុង​ក្រោយ​របស់ Bukayo Saka គឺជា​បញ្ហា​ដែល​មានការ​ព្រួយបារម្ភ​ខ្លាំង ប៉ុន្តែ​គាត់​មិន​សោកស្តាយ​ទេ​ក្នុង​ការ​ដាក់​គាត់​ឱ្យ​លេង​សម្រាប់​ការ​បរាជ័យ 2-1 ក្រោម​ថ្វី​ជើង​ក្រុម Lens ក្នុង​ពានរង្វាន់ Champions League ។

បន្ទាប់​ពី Saka បាន​បញ្ជូន​បាល់​អោយ Gabriel Jesus ស៊ុត​បញ្ចូល​ទ្រី​គ្រាប់​ដំបូង​នៅ​នាទី​ទី 14 ។ គាត់​លេង​បាន​ប្រហែល 20 នាទី​ស្រាប់តែ​គាត់​មាន​បញ្ហា​សាច់ដុំ ហើយ​ត្រូវ​បាន​ប្ដូរ​ចេញ​ភ្លាម​ៗ​។

លោក Arteta បាន​និយាយ​ថា​៖ «​របួស​របស់ Saka គឺ​ធំ​ល្មម​ដែល​មិន​អាច​បន្ត​ការ​ប្រកួត​បាន ហើយ​នោះ​ជា​ការ​ព្រួយបារម្ភ​សម្រាប់​ពួក​យើង​»​។

ក្រោយមក​លោក Arteta ត្រូវ​បាន​អ្នក​សារព័ត៌មាន​សួរ​ថា តើ​គាត់​សោកស្តាយ​ក្នុង​ការ​ដាក់​អោយ Saka លេង​ទល់​នឹង Lens ដែរ​ឬទេ គ្រូបង្វឹក​ក្រុម Arsenal បាន​និយាយ​ថា​៖ «​ទេ ខ្ញុំ​មិន​សោកស្ដាយ​ទេ ហើយ​គាត់​ពិតជា​ល្អ​ណាស់​។ ដោយសារ​តែ​មានការ​សម្រុក​ខ្លាំង​ទើប​បង្ករ​ឲ្យ​មាន​របួស​បែប​នេះ​។ គាត់​បាន​ព្យាយាម​យ៉ាង​ខ្លាំង​នៅ​ពាក់កណ្តាល​តង់​ទី​មួយ ប៉ុន្តែ​ក្រោយមក​គាត់​មាន​អារម្មណ៍​ថា​ឈឺ​សាច់ដុំ​។ ខ្ញុំ​មើលទៅ​គាត់​មិន​អាច​បន្ត​បាន ដូច្នេះ​យើង​ត្រូវ​ដក​គាត់​ចេញ​»​។

គួរ​បញ្ជាក់​ផង​ដែរ Arsenal នឹង​ត្រូវ​លេង​ជាមួយ Man City នៅ​ថ្ងៃអាទិត្យ ហើយ Arteta មិន​ចង់​បាត់បង់​តួអង្គ​ដ៏​សំខាន់​បែប​នេះ សម្រាប់​ការ​ប្រកួត Premier League នោះ​ទេ​៕