កីឡាករ Alexis Mac Allister បានជាប់ពាក់ព័ន្ធក្នុងការខ្វែងគំនិតគ្នាជាមួយមិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីនកីឡាករ Cristian Romero នៅលើ Instagram បន្ទាប់ពីជ័យជម្នះដ៏ចម្រូងចម្រាសរបស់ Tottenham ទល់នឹង Liverpool ។
Tottenham បានយកឈ្នះ 2-1 លើក្រុមហង្សក្រហម Liverpool ខណៈដែល Liverpool បានបញ្ចប់ការប្រកួតជាមួយនឹងកីឡាករ 9 នាក់បន្ទាប់ពីការបណ្តេញចេញ Curtis Jones និង Diogo Jota ។
ក្លឹប Liverpool បានទទួលការសុំទោសពី PGMOL បន្ទាប់ពីការប្រកួតដែលបានសារភាពថាគ្រាប់បាល់របស់ Luis Diaz មិនស្ថិតក្នុងតំបន់ offside ទេ ។
សេចក្តីថ្លែងការណ៍ពី PGMOL បានទទួលស្គាល់ថា កំហុសរបស់អាជ្ញាកណ្ដាលបានកើតឡើងនៅពេលធ្វើការសម្រេចចិត្ត។
បន្ទាប់ពីការប្រកួត Romero បានសរសេរនៅលើ Instagram ថា៖ «ក្រុមនេះមានស្មារតីដ៏អស្ចារ្យ បេះដូងដ៏អស្ចារ្យ គ្រប់គ្នាអស្ចារ្យណាស់»។
Mac Allister បានឆ្លើយតបដោយលើកឡើងថា Tottenham ត្រូវបានជួយដោយមន្ត្រីអាជ្ញាកណ្ដាល។ គាត់បានសរសេរថា៖ «វាជារឿងធម្មតាទេ ព្រោះអ្នកមានកីឡាករ ១២ នាក់»។
ខណះពេលនោះ Romero បានឆ្លើយតបជាបន្តបន្ទាប់ថា៖ «អ្នកដេកយំនៅផ្ទះទៅ»។
គួបញ្ជាក់ផងដែរ Mac Allister និង Romero គឺជាមិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីន ហើយជាផ្នែកមួយនៃក្រុមដែលបានឈ្នះ World Cup កាលពីឆ្នាំមុន ប៉ុន្តែពួកគេបានប៉ះគ្នាកាលពីថ្ងៃសៅរ៍។ ហើយ Romero បានលេងពេញមួយប្រកួត ខណៈដែលគាត់បានជួយឱ្យ Tottenham យកឈ្នះ ខណៈ Mac Allister លេងបានត្រឹម 80 នាទី។ ដូច្នេះវាបានកើតជាចម្ងល់ពីអ្នកគាំទ្រថា ពួកគេអាចលេងជាមួយគ្នាសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីនទៀតដែរឬទេ?