លោក Jose Mourinho និយាយថាគាត់មិនមែនជាបញ្ហានៅ Roma ទេ បើទោះបីជាក្រុមរបស់គាត់ចាប់ផ្តើមរដូវកាលមិនសូវល្អក៏ដោយ។
ដោយបានឈ្នះពានរង្វាន់ Europa Conference League ក្នុងឆ្នាំ 2022 និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League កាលពីរដូវកាលមុន ។ ប៉ុន្តែ Roma មានការធ្លាក់ចុះយ៉ាងខ្លាំងដោយឈរនៅលេខរៀងទី 16 ក្នុងក្របខ័ណ្ឌ Serie A ដោយមានត្រឹមតែ 5 ពិន្ទុប៉ុណ្ណោះបន្ទាប់ពីការប្រកួតចំនួន 6 ក្នុងរដូវកាលនេះ។
លោក Mourinho បានបដិសេធការចាកចេញពី Roma នៅរដូវក្តៅ។ គាត់បាននិយាយថា៖ «បីខែមុនគំនិតនៃការចាកចេញរបស់ខ្ញុំ ត្រូវបានគេមើលឃើញថាស្ទើរតែជាសោកនាដកម្ម។ ក្នុងអំឡុងពេលវិស្សមកាល ខ្ញុំបានទទួលការផ្តល់ជូនដ៏ធំបំផុត និងអាក្រក់បំផុតដែលគ្រូបង្វឹកមិនធ្លាប់ទទួលបាន ក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ហើយខ្ញុំបានបដិសេធ។ ខ្ញុំបានធ្វើដូច្នេះ ដោយសារតែខ្ញុំធ្វើតាមពាក្យសម្ដីដែលនិយាយទៅកាន់កីឡាកររបស់ខ្ញុំ ទៅកាន់អ្នកគាំទ្រ ទៅកាន់ម្ចាស់ក្លឹប ថាខ្ញុំនឹងជួយក្រុមមួយនេះដល់ចុងបញ្ចប់»។
គ្រូបង្វឹកវ័យ ៦០ ឆ្នាំរូបនេះបានបញ្ជាក់ពីការឈ្នះដ៏អស្ចារ្យក្នុងលីគតែមួយគត់របស់ Roma នៅរដូវកាលនេះ ជាមួយនឹងជ័យជម្នះ 7-0 ទល់នឹង Empoli ហើយគាត់មានបន្ថែមថា នៅក្នុងបាល់ទាត់មានរឿងរ៉ាវជាច្រើនដែលយើងត្រូវដោះស្រាយ វាគ្មានអ្វីខុសពីជីវិតរបស់អ្នកទេ ។ ដូច្នេះការទាមទារពីអ្នកអោយខ្ញុំចាកចេញ ខ្ញុំនឹងមិនទទួលយកវាទេ ព្រោះខ្ញុំមិនមែនជាបញ្ហានោះទេ។ រឿងតូចៗជាច្រើននៅក្នុងក្លឹបបាល់ទាត់ ទីផ្សារដោះដូរ រចនាសម្ព័ន្ធ ហេតុអ្វីអ្នកបន្ទោសតែខ្ញុំម្នាក់។ វាមានកត្តាជាច្រើននៅពីក្រោយនៃការបរាជ័យ»។
Mourinho ដែលបានឈ្នះពាន Serie A ពីរលើកជាប់គ្នាជាមួយ Inter Milan ក្នុងឆ្នាំ 2009 និង 2010 បានចូលកាន់តំណែងនៅ Roma បន្ទាប់ពីការបណ្តេញគាត់ដោយ Tottenham ក្នុងឆ្នាំ 2021 ។
គាត់បាននិយាយថា៖ «រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024 ខ្ញុំនឹងនៅទីនេះប្រយុទ្ធជារៀងរាល់ថ្ងៃ ធ្វើការជារៀងរាល់ថ្ងៃ ដើម្បីកីឡាករ ដើម្បីក្លឹប និងអ្នកគាំទ្រ។ ខ្ញុំមិនខ្លាចសម្ពាធពីខាងក្រៅទេ។ខ្ញុំមិនភ័យខ្លាចនឹងត្រូវគេជេរទេ ខ្ញុំត្រូវតែចូលទីលាននៅថ្ងៃស្អែក។ ខ្ញុំមិនខ្លាចទាល់តែសោះ»៕