កាលពីថ្ងៃសុក្រកីឡាករ Antony ត្រូវបានគេដឹងថាគាត់វិលត្រលប់មកហ្វឹកហាត់វិញ បន្ទាប់ពីគាត់ត្រូវព្យួរការងារកាលពីប៉ុន្មានសប្តាហ៍មុន ដើម្បីដោះស្រាយជាមួយនឹងការចោទប្រកាន់ពីការរំលោភបំពាន។
អតីតមិត្តស្រី Antony អ្នកនាង Gabriela Cavallin បានចោទប្រកាន់ថានាងត្រូវបានវាយប្រហារលើរាងកាយ ដោយកីឡាករវ័យ 23 ឆ្នាំជាច្រើនលើក អំឡុងពេលពួកគេនៅជាមួយគ្នាក្នុងទីក្រុង Manchester និងនៅប្រទេសប្រេស៊ីល។
បន្ថែមពីនេះមានស្ត្រីពីរនាក់ទៀតគឺ Rayssa de Freitas និង Ingrid Lana ក៏បានធ្វើការចោទប្រកាន់ពីបទរំលោភបំពាន លើកីឡាករសញ្ជាតិប្រេស៊ីលផងដែរ។
ក្នុងពេលថ្មីនេះក្រុម Man United បានបញ្ជាក់ថា ខ្សែបម្រើស្លាបរូបនេះ អាចលេងបានម្ដងទៀត ខណៈដែលការស៊ើបអង្កេតរបស់ប៉ូលិសនៅតែបន្ត។ ចំពោះបទល្មើសនេះ នឹងត្រូវបានរក្សាទុកនៅក្រោមការត្រួតពិនិត្យ រង់ចាំការវិវឌ្ឍន៍បន្ថែម។
នៅល្ងាចថ្ងៃសៅរ៍ Cavallin បានចេញសេចក្តីប្រកាសមួយ នេះបើយោងតាម MailOnline ដោយលើកឡើងថា៖ «មេធាវីរបស់ខ្ញុំជូនដំណឹងថា ឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយ Antony នៅតែត្រូវបានស៊ើបអង្កេតដោយប៉ូលីស Manchester និងប៉ូលីសប្រេស៊ីល ដែលជាហេតុបញ្ជាក់ថា គាត់នឹងត្រូវបញ្ជូនទៅតុលាការឆាប់ៗនេះ»។
ទោះបីជាយ៉ាងណាក៏ដោយ Antony បានបដិសេធម្តងហើយម្តងទៀត នូវការចោទប្រកាន់ដែលបានធ្វើឡើងប្រឆាំងនឹងគាត់៕