ម្ចាស់​ក្លឹ​ប Liverpool បាន​យល់ព្រម​លក់​ភាគហ៊ុន​ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​កីឡា​ពិភពលោក Dynasty Equity

0

ម្ចាស់​ក្លឹ​ប Liverpool បាន​យល់ព្រម​លក់​ភាគហ៊ុន​ភាគតិច​របស់ Fenway Sports Group ដែល​មាន​តម្លៃ​ចន្លោះ​ពី 82 លាន​ផោន​ទៅ 164 លាន​ផោន​ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​កីឡា​ពិភពលោក Dynasty Equity​។ ការ​វិនិយោគ​ថ្មី​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ជា​ចម្បង ដើម្បី​សងបំណុល​ធនាគារ​របស់​ក្លឹ​ប​។

ប្រធាន FSG លោក Mike Gordon បាន​និយាយ​ថា​៖ «​ការ​វិនិយោគ​រយៈពេល​វែង​របស់​យើង​ចំពោះ Liverpool នៅ​តែ​រឹង​មាំ​ដូច​ពី​មុន​។ យើង​តែងតែ​និយាយ​ថា ប្រសិនបើ​មាន​ដៃគូ​វិនិយោគ​ដែល​ត្រឹមត្រូវ​សម្រាប់ Liverpool នោះ​យើង​នឹង​ស្វែងរក​ឱកាស ដើម្បី​ជួយ​ធានា​ឱ្យ​មាន​ភាព​ធន់​នឹង​ហិរញ្ញវត្ថុ​រយៈពេល​វែង​របស់​ក្លឹ​ប និង​ការ​រីក​ចម្រើន​នា​ពេល​អនាគត​»​។

Liverpool បាន​បាត់បង់​ប្រាក់​ចំណូល 100 លាន​ផោន​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត Covid-19 ហើយ​ក៏​បាន​ចំណាយ​ប្រហែល 50 លាន​ផោន​លើ​កន្លែង​ហ្វឹកហាត់​ថ្មី​នៅ​ទីក្រុង Kirkby ដែល​បាន​បើក​នៅ​ឆ្នាំ 2020 ក៏​ដូច​ជា 12 លាន​ផោន​ដើម្បី​ទិញ​មូលដ្ឋាន​ហ្វឹកហាត់ Melwood សម្រាប់​ក្រុម​នារី​ប្រើប្រាស់​។

ការ​អភិវឌ្ឍន៍​ដែល​កំពុង​បន្ត​នៃ Anfield Road Stand នឹង​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល 80 លាន​ផោន ហើយ​បន្ទាប់​ពី​ការ​បញ្ចប់​នៃ Main Stand ថ្មី​តម្លៃ 114 លាន​ផោន​ដែល​បាន​បើក​នៅ​ឆ្នាំ 2016 ។

ហង្ស​ក្រហម​ក៏​បាន​ចំណាយ​ប្រហែល 145 លាន​ផោន​លើ​ការ​ផ្ទេរ​កីឡាករ​នៅ​រដូវក្តៅ ដោយ​នាំ​យក​ខ្សែបម្រើ Dominik Szoboszlai, Alexis Mac Allister, Wataru Endo និង Ryan Gravenberch ។

FSG ត្រូវ​បាន​គេ​យល់​ថា​ចង់​កាត់​បន្ថយ​បំណុល​ធនាគារ ដែល​ក្លឹ​បទ​ទួល​បាន​តាម​រយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ៗ​ទាំងនោះ ហើយ​កា​លក់​ភាគហ៊ុន​មួយ​ផ្នែក​តិច​នេះ នឹង​ជួយ​ដោះស្រាយ​ការ​ចំណាយ​ទាំងនោះ ជា​ជាង​យក​លុយ​ដែល​បាន​ពី​ការ​ផ្ទេរ​កីឡាករ​មក​ប្រើប្រាស់​។

លោក Gordon បន្ថែម​ថា​៖ «​យើង​ទន្ទឹងរង់ចាំ​ក្នុង​ការ​កសាង​ទំនាក់ទំនង​ដ៏​យូរអង្វែង​ជាមួយ Dynasty ដើម្បី​ពង្រឹង​បន្ថែម​ទៀត​សម្រាប់​ហិរញ្ញវត្ថុ​របស់​ក្លឹ​ប និង​ទ្រទ្រង់​នូវ​មហិច្ឆតា​របស់​យើង​សម្រាប់​ការ​បន្ត​ភាព​ជោគជ័យ​ទាំង​នៅ​លើ និង​ក្រៅ​ទីលាន​»​។

FSG ដែល​បាន​ទិញ Liverpool ក្នុង​កិច្ចព្រមព្រៀង 300 លាន​ផោន​ក្នុង​ឆ្នាំ 2010 បាន​និយាយ​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ 2022 ថា​ពួក​គេ​នឹង​ពិចារណា​ជាមួយ​ម្ចាស់​ភាគហ៊ុន​ថ្មី ហើយ​ការ​វិនិយោគ​ថ្មី​សម្រាប់​ភាគរយ​តូច​មួយ​នៃ​ក្រុម Anfield ដំណើរការ​ល្អ​។

នាយក​ប្រតិបត្តិ​របស់ Dynasty លោក K. Don Cornwell បាន​និយាយ​ថា​៖ «Liverpool គឺជា​ក្លឹ​ប​បាល់ទាត់​ដ៏​ល្បី​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក ជាមួយនឹង​អ្នកគាំទ្រ​មាន​ទូ​ទាំង​ពិភពលោក​។ Dynasty មាន​ឯកសិទ្ធិ​ក្នុង​ការ​គាំទ្រ​ក្លឹ​ប និង​ធ្វើការ​ជាមួយ FSG ដើម្បី​ប្រតិបត្តិ​លើ​ឱកាស​រីក​ចម្រើន​ដ៏​អស្ចារ្យ​នា​ពេល​ខាង​មុខ​»៕