ក្លឹ​ប Napoli សុខចិត្ត​ធ្វើ​បែប​នេះ​! ដើម្បី​បញ្ចប់​ការ​យល់​ច្រឡំ​ជាមួយ Victor Osimhen

0

ក្លឹ​ប SSC Napoli បាន​សុំ​ទោស​កីឡាករ Victor Osimhen បន្ទាប់​ពី​បាន​បង្ហោះ​វី​ដេ​អូ​ក្នុង TikTok ប្រមាថ​លើ​ខ្សែប្រយុទ្ធ​របស់​ពួក​គេ​កាលពីដើម​ស​ប្តា​ហ៍​នេះ​។

កីឡាករ Osimhen បាន​គំរាម​ចាត់វិធានការ​ផ្លូវច្បាប់​ទៅ​កាន់​ម្ចាស់​ជើងឯក Serie A នៅ​ពេល​ក្លឹ​ប​នៅ​អ៊ី​តា​លី​មួយ​នេះ​បាន​បង្ហោះ​វី​ដេ​អូ TikTok ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល បន្ទាប់​ពី Osimhen ស៊ុត​មិន​ចូល​បាល់​ប៉េ​ណា​ល់​ទី​ក្នុង​លទ្ធផល​ស្មើ 0-0 ជាមួយ Bologna កាលពី​ល្ងាច​ថ្ងៃអាទិត្យ​។ ការ​បង្ហោះ​នោះ​បាន​ធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ​រូប​នេះ ខឹងសម្បា​ជា​ខ្លាំង ដែល​នាំ​អោយ​គាត់​លុប​រាល់​រូបភាព​ដែល​ទាក់ទង​នឹង Napoli នៅ​លើ​គណនី Instagram ផ្ទាល់ខ្លួន​របស់​គាត់​។

គួ​រំលឹក​ឡើង​វិញ កាលពី​ថ្ងៃ​ពុធ ភ្នាក់ងារ​របស់ Osimhen លោក Roberto Calenda បាន​និយាយ​ថា​៖ «​យើង​រក្សា​សិទ្ធិ​ដល់​កីឡាករ ហើយ​យើង​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដើម្បី​ការពារ Victor​។ អ្វី​ដែល​បាន​កើតឡើង​នៅ​ថ្ងៃនេះ​នៅ​លើ Tik Tok ផ្លូវការ​របស់ Napoli គឺ​មិន​អាច​ទទួលយក​បាន​ទេ​»​។

«​វី​ដេ​អូ​ចំអក​ឱ្យ Victor ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ប៉ុន្តែ​ឥឡូវនេះ​ត្រូវ​បាន​លុប​ចេញ​ហើយ​។ ទ​ង្វើ​នេះ​ដែល​ក្លឹ​ប​ហាក់ដូចជា​បាន​មើលងាយ​កីឡាករ ដែល​បណ្តាល​ឱ្យ​មានការ​ប៉ះពាល់​ផ្លូវ​អារម្មណ៍​កីឡាករ​យ៉ាង​ខ្លាំង​។ យើង​រក្សា​សិទ្ធិ​ក្នុង​ការ​ចាត់វិធានការ​ផ្លូវច្បាប់​ដើម្បី​ការពារ Victor»​។

ឥឡូវនេះ Napoli បាន​ចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ​សុំ​ទោស​ទៅ​កាន់ Osimhen ហើយ​បាន​បញ្ជាក់​ថា ពួក​គេ​មិន​ដែល​មានការ​គិត​ប្រមាថ ឬ​មើលងាយ​គាត់​ជាមួយនឹង​វី​ដេ​អូ​នោះ​ទេ​។ «​ក្នុង​ករណី​ណា​ក៏​ដោយ ប្រសិនបើ Victor យល់​ឃើញ​ថា មានការ​ប្រមាថ​ចំពោះ​គាត់ ពួក​យើង​សុំ​ទោស​រាល់​គ្រប់យ៉ាង​ដែល​បាន​កើតឡើង​»៕