កណ្តាល៖ ព្រឹកថ្ងៃសុក្រ ១៥ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានសម្របសម្រួលការងារធនធានទឹក ប្រចាំរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល អភិបាលរងក្រុងសំពៅពូន កងវរៈសេនាតូចនគរបាលការពារព្រំដែនគោក៦០៥ ចុះពិនិត្យស្ថានភាព ព្រែក ជ្រៃធំព្រំដែនកម្ពុជា-វៀតណាម ដែលទទួលរងការបាក់ច្រាំង១កន្លែងប្រវែង៣០ម៉ែត្រ នៅភូមិជ្រៃធំ សង្កាត់ សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
សូមជម្រាបថា ដោយសារតំបន់នេះជាតំបន់ព្រំដែនកម្ពុជា-វៀតណាម មិនទាន់បានកំណត់បង្គោលព្រំដែនជាផ្លូវការនៅឡើយ ដូច្នេះការធ្វើសំណង់ការពារច្រាំងត្រូវមានការសម្របសម្រួល និងឯកភាពពីគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេហ៊ូវ និងព្រែកជ្រៃធំ ព្រែកប៊ិញយី នៅតាមបណ្តោយព្រំដែនកម្ពុជា និងវៀតណាម ជាមុនសិន។
គួរបញ្ជាក់ថា កន្លងមកក្រសួងសាធារណៈការ និងដឹកជញ្ជូនបាននិងកំពុងសាងសង់សំណង់ការពារច្រាំងព្រែកជ្រៃធំនេះបានប្រវែងប្រមាណ ៤០០ ទៅ ៥០០ម៉ែត្រ ជាប្រភេទបេតុង និងបានដាក់បាវដីខ្សាច់ ការពារច្រាំងបានប្រហែល ៧០០ម៉ែត្រ។ ចំណុចបាក់ ៣០ម៉ែត្រនេះ ស្ថិតនៅចុងទីតាំងការពារច្រាំងដោយបាវដីខ្សាច់ ហើយដែលចាប់ពីចំណុចបាក់នេះទៅដល់ចុងព្រំដែនកម្ពុជា-វៀតណាម ព្រែកជ្រៃធំ នៅសល់ប្រវែងប្រហែល ៥០០ម៉ែត្រទៀត៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម