លោក Erik ten Hag បានលើកឡើងថា Andre Onana មិនមែនជាកីឡាករតែម្នាក់ដែលត្រូវស្តីបន្ទោស ចំពោះការបរាជ័យក្នុងលទ្ធផល 4-3 របស់ Manchester United ក្រោមថ្វីជើងក្រុម Bayern Munich ក្នុងក្របខ័ណ្ឌ Champions League នោះទេ ។
អ្នកចាត់ការក្រុមបិសាចក្រហមបានប្រាប់ TNT Sports លើការបរាជ័យជាលើកទីបួនរបស់ Man Utd ក្នុងរដូវកាលនេះថា៖ «ខ្ញុំខកចិត្តព្រោះយើងគួរតែធ្វើបានល្អជាងនេះ។ ខ្ញុំគិតថាយ៉ាងហោចណាស់ យើងគួរតែទទួលបានមួយពិន្ទុ»។
នៅពេលនោះ Onana ទទួលបានស្តីបន្ទោសចំពោះការបរាជ័យរបស់ Man Utd លោក Ten Hag បានឆ្លើយតបថា៖ «គាត់ធ្វើបានល្អ ប៉ុន្តែយើងចង់ឃើញគាត់ធ្វើបានល្អជាងនេះ។ កំហុសតែងតែកើតឡើង ប៉ុន្តែយើងត្រូវតាំងចិត្តឡើងវិញ ទោះបីជាមានកំហុសក៏ដោយ»។
បន្ទាប់មក Ten Hag បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតរបស់គាត់ថា៖ «វាមិនមែនមានតែ Andre ទេ ដែលបានបង្កកំហុស ពិតណាស់នេះគឺជាកំហុសក្រុមទាំងមូល ប៉ុន្តែគាត់មិនគួរធ្វេសប្រហែសបែបនេះទេ។ នៅក្នុងបាល់ទាត់ វាតែងតែមានកំហុស នេះជាកំហុសមួយ វាជាបទពិសោធន៍។ បន្ទាប់ពីនោះនៅតង់ទីពីរ Andre បានធ្វើការសង្គ្រោះបាល់ដ៏អស្ចារ្យសម្រាប់ពួកយើង គាត់បង្ហាញពីសមត្ថភាពរបស់គាត់ គាត់បានប្រមូលផ្ដុំអារម្មណ៍របស់គាត់ត្រលប់មកវិញ គាត់គឺជាកីឡាករដ៏សំខាន់ម្នាក់នៅក្នុងក្រុម»៕