សេចក្តីបកស្រាយបំភ្លឺ ករណីឃាត់ខ្លួនអ្នកលក់ផ្លែត្របែក ផ្លែពុទ្រា នៅខណ្ឌសែនសុខ នៅចំណុចភ្លើងស្តុបណូគា និងណតប្រ៊ីដ ផ្លូវ២០០៤ ខណ្ឌសែនសុខ

0

ភ្នំពេញ​៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​បកស្រាយ​បំភ្លឺ​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា​៖ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​តាម​ការ​ផ្សព្វផ្សាយ​របស់​អង្គភាព​ព័ត៌មាន​មួយ​ចំនួន និង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជុំវិញ​ករណី​ថា​មន្ត្រី​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ចាប់​ឃាត់ខ្លួន​អ្នកលក់​ផ្លែ​ត្របែក ផ្លែ​ពុទ្រា អ្នក​សុំទាន ជន​ពិការ កុមារ និង​អ្នក​ពាក់ព័ន្ធ​សរុប​១៤​នាក់ នៅ​ចំណុច​ភ្លើងស្តុប​ណូ​គា និង​ស្តុ​បណត​ប្រ៊ី​ដ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣​។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជា​ទៅ​លោក​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ វរសេនីយ៍ឯក ហួរ ម៉េ​ង វ៉ាង ដើម្បី​ធ្វើការ​បំភ្លឺ​បកស្រាយ​ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​។

បើ​យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បំភ្លឺ​ឱ្យ​ដឹង​ថា​៖ នៅ​យប់​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣ ដោយ​មានការ​អនុញ្ញាត​ពី​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក ញាណ ច​ន្ថា​វេ​រ៉ា អភិបាលរង​ខណ្ឌ ចុះ​ប្រមូល​ជនអនាថា ជន​ពិការ​ភាព​ដើរ​សុំ​លុយ និង​អ្នកលក់​ផ្លែ​ឈើ នៅ​តំបន់​ស្តុ​បណត​ប្រ៊ី​ដ ផ្លូវ​លេខ​២០០៤ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ចំនួន​១៤​រូប ស្រី​ចំនួន​០៥​រូប ក្នុង​នោះ​មាន​៖ ជន​មាន​ពិការ​ភាព ចំនួន​០៥​រូប ស្រី​០១​រូប (​អាយុ​ពី​៣២​ឆ្នាំ ដល់​អាយុ​៦២​ឆ្នាំ​) ច្រៀង​សុំ​លុយ​តាម​ស្តុ​ប​, កុមារ ចំនួន​០៥​រូប កុមារី ចំនួន​០២​រូប (​អាយុ​០២​ឆ្នាំ ដល់​អាយុ​១៣​ឆ្នាំ​) លក់​ផ្លែ​ពុទ្រា​តាម​ស្តុ​ប​, មនុស្ស​ពេញវ័យ និង​មាន​កាយសម្បទា​មាំមួន ចំនួន​០៤​រូប ស្រី​០២​រូប ដើរ​លក់​ផ្លែ​ពុទ្រា​តាម​ស្តុ​ប​។

ចំពោះ​អ្នក​ទាំង​១៤​រូប​នោះ រដ្ឋបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជូន ទៅ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ ចំនួន​១១​រូប (​ស្រី​០៤​រូប​) ដោយឡែក​រដ្ឋបាល​ខណ្ឌ​សែន​សុខ មានការ​សង្ស័យ ចំពោះ​មុខសញ្ញា​បុគ្គល ចំនួន​០៣​រូប ស្រី​០១​រូប ត្រូវ​បាន​សង្ស័យ​ញុះញង់ និង​ជួញដូរ​កម្លាំង​ពលកម្ម​លើ​កុមារ និង​ជន​ពិការ ដោយ​មានការ​ឯកភាព​ពី​លោក សេង ពុ​ទ្ធី ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ក៏​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​០៣​នាក់ ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​បែក​ក្អម ដើម្បី​សាកសួរ និង​អនុវត្ត​តាម​នីតិវិធី​រួម​មានឈ្មោះ យិ​ន សុ​ផ​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ​, ឈ្មោះ សំ សុ​ជុន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​ឈ្មោះ ចេ​ង ឆេ​ង​ហឿ​ន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​។ ជនសង្ស័យ​ទាំង​០៣​នាក់​នេះ​ក៏ ត្រូវ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​នីតិវិធី​។

ដោយ​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​០៣​នាក់ និង​តាម​ការ​បំភ្លឺ​របស់​ជន​ជាប់​ពាក់ព័ន្ធ​ខាងលើ ក៏​ធ្វើការ​ឃាត់ខ្លួន​បណ្តោះអាសន្ន​ជនសង្ស័យ​ទាំង​០៣​នាក់ បញ្ជូន​សំណុំរឿង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៣ ដើម្បី​អនុវត្ត​តាម​នីតិវិធី​។

ក្រោយ​ពី​បញ្ជូន​ជនសង្ស័យ​ទាំង​០៣​នាក់​នោះ​ទៅ​ដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ធ្វើការ​សាកសួរ​ពួក​គេ​ទាំង​បី​នាក់​នោះ​ហើយ​។ ជនសង្ស័យ​ទាំង​០៣​នាក់ នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣ ដោយ​មាន​ចំណារ​ពី​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ អនុញ្ញាត​ឱ្យ​ជនសង្ស័យ​ខាងលើ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ