ក្លឹប Manchester United បានដេញថ្លៃ 50 លានផោនសម្រាប់ Evan Ferguson ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ ហើយជាការផ្តល់ជូនដែលត្រូវបាន Brighton សើចចំអក។
Ferguson បានក្លាយជាខ្សែប្រយុទ្ធវ័យក្មេងដ៏អស្ចារ្យម្នាក់របស់ Premier League កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់ក្នុង 19 ប្រកួតនៅ Premier League។ កីឡាករសញ្ជាតិអៀរឡង់ បានរក្សាទម្រង់លេងល្អរបស់គាត់ ក្នុងអំឡុងពេលចាប់ផ្តើមជាមួយនឹងការបង្ហាញខ្លួន 4 ប្រកួតក្នុងចំណោម 5 ប្រកួតនៅរដូវកាលថ្មី ។
យោងតាម ESPN បានអោយដឹងថា Man United បានធ្វើការដេញថ្លៃសម្រាប់ Ferguson ប៉ុន្តែសំណើរបស់ពួកគេត្រូវបានច្រានចោល។
គួរបញ្ជាក់ផងដែរ Brighton ជាក្លឹបមួយដែលទទួលបានប្រាក់ចំណេញច្រើននៅក្នុងការលក់កីឡាករ ។ កាលពីឆ្នាំមុន ពួកគេទទួលបានទឹកប្រាក់ប្រមាណ 137 លានផោន ពីការលក់កីឡាករ Marc Cucurella, Yves Bissouma និង Leandro Trossard ហើយនៅរដូវក្ដៅនេះ ពួកគេទទួលបានទឹកប្រាក់ប្រមាណ 187 លានផោនពីការលក់ Alexis Mac Allister អោយទៅ Liverpool និង Moises Caicedo ក្នុងកិច្ចព្រមព្រៀងបំបែកកំណត់ត្រាទៅ Chelsea ។
ខណះពេលលោក Paul Barber នាយកប្រតិបត្តិ Brighton បាននិយាយបែបលេងសើចទៅកាន់ talkSPORT កាលពីខែមុនថា៖ «មិនថាក្រុម Man United ឬក្រុមណាមួយដែលចាប់អារម្មណ៍លើ Ferguson ត្រូវរងចាំយ៉ាងហោចណាស់រយៈពេលប្រាំឆ្នាំទៀត!»៕