កម្ពុជាធ្វើការជាមួយគ្រប់ដៃគូ ដើម្បីសម្រេចឱ្យបាននូវសក្តានុពលនៃគំនិតផ្តួចផ្តើម អភិវឌ្ឍន៍ សកលនិងគោលដៅអភិវឌ្ឍន៍ដោយចីរភាព

0

ភ្នំពេញ៖ ឯកឧត្តម អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីការត្រៀម​ខ្លួនជា​ស្រេចរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់ដើម្បីសម្រេចឱ្យ​បាននូវ​សក្តានុពលពេញលេញនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលនឹងបន្តជំរុញការសម្រេច​បាន​នូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងអនាគតដ៏ភ្លឺស្វាងសម្រាប់គ្រប់ៗគ្នា។ ការ​ថ្លែង​សុន្ទរកថារបស់ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបែបនេះ ក្នុងកិច្ចប្រជុំ​កម្រិត​ខ្ពស់ស្តីពីលទ្ធផលនៃ​កិច្ចសហប្រតិបត្តិការក្របខ័ណ្ឌគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) ក្រោមប្រធានបទ​“គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលសម្រាប់គោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)៖ សកម្ម​ភាព និង វឌ្ឍនភាព” កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋ​អាមេរិក។

ឯកឧត្តមទេសរដ្ឋមន្រ្ដី អ៊ុច បូររិទ្ធ បានគូសបញ្ជាក់អំពីការចូលរួម​យ៉ាងសកម្មរបស់​កម្ពុជានៅក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលទទួលបានការគាំទ្រពីបណ្ដាប្រទេសនិងអង្គការចំនួនប្រមាណជាង ១០០ ក្នុងរយៈពេលត្រឹមតែពីរឆ្នាំ ចាប់តាំង​ពីការបង្កើតឡើង​មក។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានថ្លែងថា កម្ពុជាមានមោទនភាពដែលបាន​ចូលរួមនិងពេញ​ចិត្តចំពោះវឌ្ឍនភាពជាច្រើនរបស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនេះ។គោលការណ៍ជាមូលដ្ឋាននៃគំនិតផ្តួចផ្តើមនេះគឺផ្តល់អាទិភាពដល់ការអភិវឌ្ឍ ប្រកាន់អភិក្រមយកប្រជាជន​ជាស្នូល ធានាថាមិនទុកបុគ្គលណាម្នាក់ចោលនិងកសាង​ភាពជាដៃគូអភិវឌ្ឍន៍​សកល។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងស្មោះសរជូនចំពោះសាធារណរដ្ឋប្រជាមានិតចិនដែលបានដឹកនាំ និងប្តេជ្ញាចិត្តឥតងាករេគាំទ្រដល់គំនិតផ្តួចផ្តើម​អភិវឌ្ឍន៍​សកលនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី​ បានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃគម្រោង​អភិវឌ្ឍន៍​នានា​របស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលក្នុងការរួមចំណែកដល់គោលដៅអភិវឌ្ឍន៍​ជាតិ​របស់កម្ពុជា ពោលគឺចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យម​កម្រិត​ខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា​ចំពោះសកម្ម​ភា​ពរួម និងវិធានការដែលបានដាក់ចេញ​​សំដៅដោះស្រាយបញ្ហាប្រឈម និងពន្លឿនវឌ្ឍន​ភាព ដោយមិនទុកប្រទេស ឬបុគ្គលណាមួយចោលឡើយ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា