បរទេស៖ នៅថ្ងៃអង្គារនេះ នៅមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីរបស់ប្រទេសនៅតំបន់អាមេរិកខាងត្បូង លោក Santiago Pena បាននិយាយថា ប្រទេសប៉ារ៉ាហ្គាយ គាំទ្រតៃវ៉ាន់ចូលរួមក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ។
យោងតាមដំណោះស្រាយឆ្នាំ១៩៧១ របស់អង្គការសហប្រជាជាតិ តៃវ៉ាន់ត្រូវបានដកចេញពីស្ថាប័នអន្តរជាតិ និងទទួលស្គាល់សាធារណៈរដ្ឋប្រជាមានិតចិនជាអ្នកតំណាងស្របច្បាប់របស់ចិនទៅកាន់អង្គការសហប្រជាជាតិ។
លោក Pena បាននិយាយថា “រដ្ឋាភិបាលប៉ារ៉ាហ្គាយ បង្ហាញការគាំទ្ររបស់ខ្លួនសម្រាប់សាធារណរដ្ឋចិន និងតៃវ៉ាន់ជាផ្នែកសំខាន់នៃប្រព័ន្ធអង្គការសហប្រជាជាតិ” ។
ប្រទេសប៉ារ៉ាហ្គាយ គឺជាប្រទេសចុងក្រោយបង្អស់នៅអាមេរិកខាងត្បូងដែលមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន។
កាលពីសប្តាហ៍មុន នៅពេលសួរអំពីកោះតៃវ៉ាន់អគ្គលេខាធិការរងអង្គការសហប្រជាជាតិលោកស្រី Amina Mohammed បាននិយាយថា ការមិនរាប់បញ្ចូលប្រទេសណាមួយអាចប៉ះពាល់ដល់គោលដៅជាសកល។
អ្នកស្រីបាននិយាយថា “គ្រប់ប្រទេសមានសារៈសំខាន់ មិនថាតៃវ៉ាន់ ឬផ្សេងទៀតទេ។ ហើយខ្ញុំគិតថាវាពិតជាមានសារៈសំខាន់សម្រាប់រដ្ឋជាសមាជិកក្នុងការស្វែងរកដំណោះស្រាយ”។ ទោះជាយ៉ាងណាក៏ដោយ តៃវ៉ាន់បានទទួលស្គាល់ថា វានឹងមានភាព “ពិបាកណាស់” ដើម្បីទទួលបានសមាជិកភាព៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ