លោក Jurgen Klopp បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ប្រកួត Europa League

0

លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​របស់ Liverpool បាន​បង្ហាញ​នូវ​ចេតនា​របស់​ក្លឹ​ប ក្នុង​ការ​ដណ្តើម​យក​ពានរង្វាន់ Europa League នៅ​រដូវ​កាល​នេះ បន្ទាប់​ពី​មិន​អាច​លេង​ក្នុង​វគ្គ​ជម្រុះ Champions League ។

ក្រុម​ហង្ស​ក្រហម​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ 5 ក្នុង​ក្របខ័ណ្ឌ Premier League កាលពី​រដូវ​កាល​មុន ដែល​ជា​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ការ​ចូល​ដឹកនាំ​របស់​លោក Klopp ហើយ​មិន​ទទួល​បាន​កៅអី​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ពាន​កំពូល​របស់​អឺរ៉ុប សម្រាប់​ឆ្នាំ 2023/24 នោះ​ទេ​។

នៅ​ពេល​ដែល​គាត់​មិន​បាន​បញ្ចប់​ចំណាត់ថ្នាក់​កំពូល​ទាំង 4 លោក Klopp បាន​និយាយ​ថា Liverpool នឹង​យកចិត្តទុកដាក់​ធ្វើ​ឱ្យ​បាន​ល្អ​សម្រាប់​ការ​ប្រជែង​ដណ្ដើម​យក​ពាន Europa League ។

ឥឡូវនេះ Liverpool ត្រៀម​ជួប​ក្រុម LASK របស់​អូ​ទ្រី​ស​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពូ​ល​របស់​ពួក​គេ ។ លោក Klopp បាន​ប្រាប់ TNT Sports ថា​៖ «​នេះ​ជា​ប្រកួត​ដំបូង និង​សំខាន់​បំផុត ខ្ញុំ​គិត​ថា​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ល្អ យើង​ទាំងអស់​គ្នា​អោយ​តម្លៃ​នៅ​រាល់​ការ​ប្រកួតប្រជែង​ពានរង្វាន់​។ វា​នឹង​ក្លាយជា​ការ​ប្រកួត​ដ៏​ធំ​សម្រាប់​ក្រុម ហើយ​យើង​បាន​ត្រៀមខ្លួន 100 ភាគរយ​សម្រាប់​ការ​ឈ្នះ​ពាន​»​។

«​យើង​ចង់ទៅ​ឱ្យ​ឆ្ងាយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ខ្ញុំ​ចង់ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ច្បាស់​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​មាន​តម្រុយ​ថា តើ​យើង​អាច​ឈាន​ដល់​កម្រិត​ណា​នោះ​ទេ ព្រោះ​នឹង​មាន​ក្រុមបាល់ទាត់​ដ៏​អស្ចារ្យ​ជា​ច្រើន​នៅ​ទី​នេះ ដូច្នេះ​ហើយ យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត​»​។

លើក​ចុង​ក្រោយ​ដែល Liverpool លេង​នៅ Europa League ដែល​មាន​រយៈពេល​ប៉ុន្មាន​ខែ​បន្ទាប់​ពី Klopp ចូល​មក​ជំនួស​លោក Brendan Rodgers ដែល​ជា​អ្នកចាត់ការ​ក្រុម​ហង្ស​ក្រហម បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ 2016 សម្រាប់​ពានរង្វាន់​មួយ​នេះ ប៉ុន្តែ​ត្រូវ​ចាញ់​ក្រោម​ថ្វី​ជើង​ក្រុម Sevilla ៕