ក្លឹប Chelsea និង Bayern Munich ស្ថិតក្នុងចំណោមក្លឹបដែលតាមដានស្ថានភាពរបស់អ្នកចាំទី Aaron Ramsdale របស់ក្រុម Arsenal នេះបើយោងតាមកាសែត Daily Mail ។
អនាគតរបស់កីឡាករជម្រើសជាតិអង់គ្លេសកាន់តែមានភាពពិបាក បន្ទាប់ពីគ្រូបង្វឹកក្រុមកាំភ្លើងធំលោក Mikel Arteta បានដាក់គាត់នៅកៅអីបម្រុងសម្រាប់ជ័យជម្នះ 1-0 លើក្រុម Everton កាលពីថ្ងៃអាទិត្យ។
កីឡាករចំណូលថ្មី David Raya បានបង្ហាញខ្លួនក្នុងជម្រើសដំបូងជំនួសវិញ ហើយ Arteta បានផ្តល់យោបល់ថា គាត់ព្យាយាមអោយកីឡាករគ្រប់គ្នាបានលេង ហើយថែមទាំងអាចនឹងផ្លាស់ប្ដូរអ្នកចាំទីក្នុងអំឡុងពេលប្រកួតផ្សេងៗទៀតផង ។
ការអត្ថាធិប្បាយរបស់ Arteta បញ្ជាក់ថា Ramsdale នៅតែមានតួនាទីសំខាន់សម្រាប់ក្រុម ។ ប៉ុន្តែស្ថានភាពនេះនៅតែជាលទ្ធផលល្អសម្រាប់ក្លឹបនានា ដែលកំពុងតាមដានចង់បាន Aaron Ramsdale ព្រោះពួកគេគិតថា Raya នឹងក្លាយជាជម្រើសដំបូងជារៀងរហូតសម្រាប់ Arsenal ។
ក្លឹប Chelsea បានចុះហត្ថលេខាលើ Robert Sánchez និង Djordje Petrovic ក្នុងអំឡុងពេលរដូវក្តៅ ប៉ុន្តែក្លឹបនៅតែបើកចំហរក្នុងការពង្រឹងជម្រើសអ្នកចាំទីរបស់ពួកគេ។ ទន្ទឹមនឹងនេះដែរ Bayern កំពុងស្វែងរកអ្នកស្នងតំណែងរបស់ Manuel Neuer ។
Ramsdale បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល 4 ឆ្នាំជាមួយ Arsenal កាលពីខែឧសភា ហើយនៅតែប្តេជ្ញាចិត្តជាមួយក្រុមកាំភ្លើងធំ ហើយនឹងសង្ឃឹមថាអាចត្រលប់ទៅរកជម្រើសដំបូងនៅពេលដែល Arsenal ប្រកួតជាមួយ PSV Eindhoven ក្នុង UEFA Champions League នៅថ្ងៃពុធ៕