តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅប្រទេសចិនគឺដើម្បីបញ្ជាក់គោលជំហររបស់រាជរដ្ឋាភិបាលថ្មីរបស់កម្ពុជាយើង។ ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្ដ្រីបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ១៨ ១០៤ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៨ នៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលជំហររបស់កម្ពុជាយើងគឺឈរលើមូលដ្ឋានឯករាជ្យ អធិបតេយ្យភាព ដោយផ្អែកទៅលើច្បាប់ ។ សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា គោជំហរគោលនយោបាយការទូតរបស់យើងជាមួយចិនដែលនៅតែរក្សាដដែលព្រោះវាជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺគោលនយោបាយចិនមួយ ។ សម្តេចធិបតីនាយករដ្ឋមន្ដ្រីក៏សុំឱ្យពួកអ្នកវិភាគទាំង អស់នោះស្រាវជ្រាវឡើងវិញទៅប្រទេសជាសមាជិកអង្គការសហប្រជាជាតិមាន ១៩៣ ប្រទេសក្នុងនោះប្រទេស ១៨១ប្រទេស បានប្រកាន់ជំហរចិនមួយ ដូច្នេះកម្ពុជាប្រកាន់ជំហរចិនមួយគឺមិនខុសទេ ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកជាសំណួរថា តើប្រជាពលរដ្ឋខ្មែរយើង វាខុសអ្វីដែលយើងទៅបង្កើតមិត្តឱ្យច្រើននៅអន្តរជាតិនោះ។ យើងគួរតែអបអរសាទរ ដែលយើងបង្កើតមិត្តកាន់តែច្រើន សួរមើលតើធ្វើពាណិជ្ជកម្មជាមួយចិនវាអាក្រក់មែនទេ ហើយតើអាម៉េរិក អឺរ៉ុប ចាំបាច់ធ្វើពាណិជ្ជកម្មជាមួយចិនធ្វើអ្វី។ សម្ដេចធិបតីបានបញ្ជាក់ទៀតថា បើធ្វើពាណិជ្ជកម្មជាមួយចិនអាក្រក់ តើគេចាំបាច់ទៅធ្វើពាណិជ្ជកម្មជាមួយចិនធ្វើអី ។
សម្តេចធិបតីនាយករដ្ឋមន្ដ្រីអះអាងថា ប្រទេសកម្ពុជាយើងតូចយើងត្រូវតែពង្រីកទំនាក់ទំនងរបស់យើងជាមួយអន្តរជាតិឱ្យបានច្រើន។ សម្តេចធិបតីនាយករដ្ឋមន្ដ្រីអះអាងបន្ថែមថា៖ «ខ្ញុំចរចាជាមួយអន្តរជាតិ ខ្ញុំមិនឱ្យបាត់អាធិបតេយ្យភាពរបស់ជាតិនោះទេ ។ខ្ញុំធ្វើការជាមួយមិត្ត ភក្តិគឺដោយគោរពអធិបតេយ្យភាពនិងផលប្រយោជន៍គ្នាទៅវិញទៅមកដោយស្មើមុខស្មើមាត់គ្នា»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ឱ្យដឹងទៀតថា កម្ពុជាយើងប្រទេសតូចតែយើងអង្គុយទល់មុខជាមួយនឹងនាយករដ្ឋមន្ត្រីជាមួយប្រធានាធិបតីជាមួយនឹងប្រធានសភារបស់ចិន អង្គុយទល់មុខជាមួយនាយករដ្ឋមន្ត្រីជប៉ុន ជាមួយរដ្ឋមន្ត្រីកូរ៉េ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា