តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពិនិត្យការបញ្ចុះតម្លៃភ្លើងក្នុងកម្រិតណាមួយសម្រាប់ឱ្យសហគ្រាស និងសិប្បកម្មនៅកម្ពុជាអាចបង្កើនការផលិតបន្ថែមទៀត។ ការស្នើរបស់សម្តេចធិបតីនាយករដ្ឋមន្ដ្រីបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ១៨ ១០៤ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៨ នៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ខ្ញុំបានឱ្យឯកឧត្តម កែវ រតនៈ ពិនិត្យមើលតម្លៃអគ្គិសនី តើអាចបញ្ចុះក្នុងកម្រិតណាមួយ ពិសេសទៅលើវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ឬរោងចក្រ ព្រោះនៅពេលដែលតម្លៃអគ្គិសនីថោកគាត់នឹងបង្កើនការផលិតថែមទៀត»។ សម្ដេចធិបតីបានលើកឡើងថា អាចមានសហ គ្រាសប្រមាណ ២១ ០០០ សហគ្រាសដែលអាចទទួលបានផលប្រយោជន៍ពីការបញ្ចុះតម្លៃភ្លើងអគ្គិសនីនេះ។
ជាមួយគ្នានេះដែរ សម្តេចធិបតីនាយករដ្ឋមន្ដ្រីបានជំរុញឱ្យឯកឧត្ដមរដ្ឋ មន្ត្រីក្រសួងរ៉ែ និងថាមពលត្រូវចាប់ផ្តើមធ្វើកុំចាំបាច់អនុវត្តន៍ថ្ងៃក្រោយ គឺចាប់ផ្ដើមអនុវត្តន៍ភ្លាម ចាប់ពីពេលនេះតទៅ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា