ភ្នំពេញ៖ ក្នុងដំណើរវិលត្រឡប់មកដល់មាតុប្រទេសវិញ កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាគូសបញ្ជាក់ថា ការដណ្តើមបានមេដាយមាស១គ្រឿង និងសំរឹទ្ធ១គ្រឿងពីការប្រកួតជើងឯកអាស៊ី ថ្មីៗនេះ នៅប្រទេសម៉ុងហ្គោលី គឺជាការកើតឡើងពីការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់អត្តពលិក មិនមែនកើតឡើងដោយសំណាង ឬភាពចៃដន្យនោះទេ។
ឯកឧត្តម ណយ ផាណា សង្កត់ធ្ងន់ថា ចាប់តាំងពីប្រភេទកីឡាកាយសម្ព័ន្ធបានចូលមកកម្ពុជា តាំងពីឆ្នាំ១៩៦៨ មក ប្រភេទកីឡាអូឡាំពិករបស់កម្ពុជាមួយនេះមិនធ្លាប់ទទួលបានមេដាយមាស ក្នុងកម្រិតអន្តរជាតិនោះទេ ពោលគឺដណ្តើមបានត្រឹមមេដាយប្រាក់ និងសំរឹទ្ធ កាលពីឆ្នាំ២០១១, ២០១៣, ២០១៥ និងជើងឯកអាស៊ី នៅឆ្នាំ២០២២ រួមទាំងមេដាយស៊ីហ្គេម ២ដងចុងក្រោយ។ ឯកឧត្តមចាត់ទុកថា មេដាយមាសជាប្រវត្តិសាស្ត្រដំបូងប្រកបដោយមោទកភាពជាតិនេះ ជាសញ្ញាណវិជ្ជមានដ៏ល្អ ដែលបញ្ជាក់ថា កីឡាកាយសម្ព័ន្ធកម្ពុជាមានអាជ្ញាចៅក្រមច្បាស់លាស់ និងគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីកើនឡើង រួមទាំងកម្លាំងចិត្តកាន់តែមុតស្រួច ក្នុងការដុសខាត់បច្ចេកទេសទៅរកមេដាយកម្រិតពិភពលោកបន្តទៀត ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រជំរុញលើកចិត្តយ៉ាងខ្លាំងពីឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានសហព័ន្ធកាយសម្ព័ន្ធកម្ពុជា។
បន្ថែមពីលើនេះ ឯកឧត្តម ណយ ផាណា បានលើកឡើងទៀតថា ការហ្វឹកហាត់របស់យើង គឺមានផែនការច្បាស់លាស់ ស្របតាមអនុសាសន៍របស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីថោង ខុន បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ហើយយើងជាអ្នកអនុវត្ថយើងអនុវត្ថតាមផែនការ ដូច្នេះមេដាយនេះគឺជាមេដាយដែលកើតចេញពីការប្រឹប្រែងពិតប្រាកដ។ ក្រោយបញ្ចប់ស៊ីហ្គេមមកនេះ គឺសហព័ន្ធមានការខិតខំប្រឹងប្រែងខ្លាំងណាស់ ដោយក្នុងនោះយើងមានគ្រូជំនួយពីនាក់ និងស្របតាមផែនការប្រចាំឆ្នាំយើងត្រូវតែចូលរួម ព្រោះកីឡាជំនាញបើយើងមិនមានការចូលរួមប្រកួតនោះទេ គឺមិនមានសង្ឃឹមនោះឡើយ ព្រោះការប្រកួតញឹកញាប់កាន់តែធ្វើឱ្យយើងមានលទ្ធផលកាន់តែល្អ។
ក្រុមប្រតិភូកីឡាកាយសម្ព័ន្ធកម្ពុជាបានឈ្នះមេដាយ២គ្រឿង ក្នុងនោះមេដាយមាស១ និងសំរឹទ្ធ១គ្រឿង ក្នុងការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៨ឆ្នាំ២០២៣ (Aerobic Gymnastics Asian Championship 2023) នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ដែលបានបញ្ចប់កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ចំពោះដាយមាស ១ គ្រឿង ដណ្តើមបានលើវិញ្ញាសាទ្រីយ៉ូដោយកីឡាការិនី ស៊ីវ ចន្ថា, ណេម សុខហេង និង ឌឹមអ៊នធីតា និងសំរឹទ្ធ ១គ្រឿងរកបានដោយកីឡាការិនី សួស ស្រីពៅ លើវិញ្ញាសាឯកត្តជននារី៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា