ភ្នំពេញ៖ កីឡាករចំបាប់ជម្រើសជាតិកម្ពុជា ស៊ូ បាលី បានប្រកួតចាញ់កីឡាកររុស្ស៊ី Abdulla Kurbanov ដោយពិន្ទុ កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងការប្រកួតជើងឯកពិភពលោក នៅប្រទេសស៊ែប៊ី ប៉ុន្តែនេះជាការបោះជំហានថ្មីមួយរបស់ប្រភេទកីឡាចំបាប់កម្ពុជាជាលើកដំបូង ក្នុងព្រឹត្តិការណ៍ពិភពលោកនេះ។
លោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ដែលដឹកនាំកីឡាករ ស៊ូ បាលី ប្រកួតជើងឯកពិភពលោក នៅប្រទេសស៊ែប៊ីគូសបញ្ជាក់ថា កីឡាករ ស៊ូ បាលី បានប្រកួតចាញ់ការប្រកួតដំបូងជាមួយកីឡាករហ្ស៊កហ្ស៊ី Geno Petriashvili ដែលជាម្ចាស់មេដាយមាសកីឡាអូឡាំពិក ឆ្នាំ២០២០ នៅប្រទេសជប៉ុន និងបន្តចាញ់ការប្រកួតកីឡាកររុស្ស៊ី។
បើទោះយ៉ាងនេះក្តី លោក ខេស៊ី បាណេត បានចាត់ទុកថានេះ នេះជាលើកដំបូងសម្រាប់កម្ពុជាដែលបានចូលរួមប្រកួតជើងឯកពិភពលោក ហើយយើងបានប្រយុទ្ធយ៉ាងល្អ ដោយដណ្តើមបានពិន្ទុខ្លះជាមួយនឹងម្ចាស់ជើងឯកពិភពលោក។ លោកបន្ដថា វាជាបទពិសោធន៍ដ៏ល្អ ហើយតាមរយៈការប្រកួតនេះនឹងជួយអត្តពលិកកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពបន្ថែម ឆ្ពោះទៅចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។
អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជារូបនេះបានសង្កត់ធ្ងន់ថា លទ្ធផលប្រកួតរបស់ស៊ូ បាលី ជាមួយនឹងកីឡាករហ្ស៊កហ្ស៊ី ដែលជាម្ចាស់មេដាយមាសកីឡាអូឡាំពិក គឺជាលទ្ធផលមួយមិនអាក្រក់នោះទេ គឺកម្ពុជាធ្វើបានលទ្ធផលល្អគ្រាន់បើ ដោយសារកម្ពុជាបានប៉ះប្រកួតដំបូងជាកីឡាករខ្លាំង ក្នុងប្រភេទកីឡាអូឡាំពិក ដែលជាម្ចាស់មេដាយមាសកីឡាអូឡាំពិក។
គួរបញ្ជាក់ថា ក្រៅពីបេសកកម្មក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនេះ ប្រភេទកីឡាចំបាប់កម្ពុជានឹងមានបេសកកម្មថ្មីមួយទៀត ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នៅប្រទេសចិន នាចុងខែកញ្ញា ឆ្នាំ២០២៣នេះ ដោយកម្ពុជាកំពុងត្រៀមលក្ខណៈសម្បត្តិទ្រង់ទ្រាយធំចូលរួមប្រកួតប្រជែងមេដាយ លើ១៧ប្រភេទកីឡា ក្នុងនោះកីឡាចំបាប់កម្ពុជាក៏ត្រៀមសមាសភាពគ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកសរុប១៧នាក់ ដែលក្នុងចំនួននេះមានកីឡាករ៩នាក់ និងកីឡាការិនី៥នាក់។ អ្វីដែលពិសេសគឺប្រភេទកីឡាចំបាប់ ដែលដណ្តើមបានមេដាយមាសស៊ីហ្គេម ២០២៣ ច្រើនដែរនោះ មានសមាសភាពដូចជាម្ចាស់មេដាយមាស កីឡាករ ស៊ូ បាលី, កីឡាករ ម៉ូ សាវី, កីឡាករ ហេង វុទ្ធី និងកីឡាការិនី ជា កញ្ញា៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា